ពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូន និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ(អូរអន្លក់)ស្រុកកំរៀង

 



  (បាត់ដំបង)នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣)ស្រុកសំពៅលូន និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ(អូរអន្លក់)ស្រុកកំរៀង ខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកសំពៅលូន។



សូមជម្រាបថា លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ (អូរអន្លក់)ត្រូវបានសម្រេចផ្ទេរ និងប្រគល់ភារកិច្ចជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) ស្រុកសំពៅលូន ជំនួសលោក តេង ចាន់ភិរម្យ ដែលត្រូវទៅបម្រើការងារនៅអង្គភាពដើមវិញ និងប្រគល់ភារកិច្ចជូនលោក រិត សុធាវី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ(អូរអន្លក់) ស្រុកកំរៀង ខេត្តបាត់ដំបង ។



ក្នុងឱកាសនោះ  ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្តី និងកងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅតាមច្រកទ្វារព្រំដែនត្រូវពង្រឹងកិច្ចការពារសន្តិសុខនៅតាមបន្ទាត់ព្រំដែន និងបង្កើនកិច្ចសហការប្រតិបត្តិការល្អជាមួយភាគីថៃសំដៅជំរុញតំបន់ព្រំដែនទៅជាព្រំដែនដែលមានសន្តិភាព។



ឯកឧត្តម សុខ លូ ស្នើរដ្ឋបាលស្រុកសំពៅលូន និងរដ្ឋបាលស្រុកកំរៀង ព្រមទាំងគ្រប់តួអង្គក្នុងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ និងគ្រប់អង្គភាពពាក់ព័ន្ធបន្តចូលរួមដឹកនាំ គ្រប់គ្រង ជាមួយប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ ដែលចូលកាន់មុខតំណែងថ្មី ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដីឱ្យបានគង់វង្ស។



ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ប្រធានច្រកថ្មីត្រូវដឹកនាំ គ្រប់គ្រងពង្រឹងកិច្ចសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងរបៀបរបបធ្វើការងារ និងទំនាក់ទំនងការងារឱ្យមានភាពរលូន រក្សារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ក្នុងទីស្នាក់ការ។ត្រូវមានសីលធម៌ល្អ គុណធម៌ និងមនសិការវិជ្ជាជីវៈគិតគូរពីផលប្រយោជន៍ជាតិជាធំនិងត្រូវចូលរួមលើកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឆ្លងដែនទាំងជនជាតិខ្មែរ និងជនបរទេសឱ្យបានល្អ។



បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្រ្តី និងកងកម្លាំងនៅតាមច្រកព្រំដែនត្រូវបង្កើនកិច្ចសហការគ្នាក្នុងការបង្ការទប់ស្កាត់បទល្មើសនានា ដូចជាទំនិញគេចពន្ធ បញ្ហាគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសឆ្លងដែនជាដើម។ជាពិសេសត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសថៃដើម្បីធានារក្សាការអនុវត្តត្រឹមត្រូវតាមកិច្ចព្រមព្រៀង និងច្បាប់របស់ប្រទេសនីមួយៗ។



ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែបង្កលក្ខណៈងាយស្រួលក្នុងការសម្របសម្រួលដល់ពលករខ្មែរបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ៕


































Powered by Blogger.