ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បេីកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងបុគ្គលិក
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំបេីកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងបុគ្គលិក ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្ស ដោយមានការចូលរួមពីលោកនាយ នាយរងការិយាល័យ លោកនាយ នាយរងផ្នែក និងមន្ត្រី នៃការិយាល័យជំនាញទាំងបី លោកអធិការរងនគរបាលក្រុង ស្រុក ទទួលការងារបុគ្គលិក មន្ត្រីទទួលការងាររដ្ឋបាលផែនការងារជំនាញ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥។
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ បានមានប្រសាសន៍យល់ស្របតាមមតិលើកឡើងរបស់លោកនាយការិយាល័យនឹងបានណែនាំបង្ហាញទិសដៅសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបុគ្គលិកដោយបានលើកឡើងថា ត្រូវពង្រឹងកម្លាំងត្រៀមនៅប្រចាំការ តាមអង្គភាព ដើម្បីទ្រោលសភាពការណ៍គ្រប់ប្រភេទ យ៉ាងមានវិន័យ និងស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់។
បន្ថែមពីនេះហាមឃាត់ការផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនមានប្រភពច្បាស់លាស់ ដែលអាចប៉ះពាល់ដល់ការងារសន្តិសុខជាតិ ត្រូវពង្រឹងនិងជំរុញលើការងារសរសេរប្រវត្តិរូបរបស់កងកម្លាំងឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ ពង្រឹងលើការងារប្រគល់ភារកិច្ចដល់មន្ត្រីទទួលដឹកនាំអង្គភាព ប្រកបដោយវិន័យ និងច្បាស់លាស់ជំរុញការលើកសរសើរដល់មន្ត្រីដែលមានស្នាដៃលេចធ្លោ ក្នុងការអនុវត្តភារកិច្ច ពង្រឹងការបំពេញនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ តាមលក្ខន្តិកៈនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
រដ្ឋបាលផែនការងារជំនាញត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ លើការពង្រឹងការងារគ្រប់គ្រងកម្លាំងដោយមានបញ្ជីវត្តមានត្រឹមត្រូវ និងច្បាស់លាស់។
ជាមួយគ្នានេះលោកស្នងការរង ស្នើសុំការអនុវត្តវិន័យលើកម្លាំងដែលអសកម្ម និងប្រព្រឹត្តិខុស ក្រមសីលធម៌របស់នគរបាលជាតិ តាមការចាំបាច់ និងតាមបទបញ្ជាផ្លូវការ ត្រូវបង្កើនការត្រួតពិនិត្យ និងស្វែងយល់ឱ្យបានច្បាស់លាស់ រាល់ករណីដែលមានការបង្ហោះ ឬចែកចាយព័ត៌មានមិនប្រក្រតី ប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃរបស់មន្ត្រីនគរបាលជាតិ ហើយត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រមភ្លាមៗ លោកស្នងការរងបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលគ្រប់អង្គភាពត្រូវ ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ សមរម្យ គ្រប់គ្រាន់ ដើម្បីបង្ហាញភាពមានវិន័យ និងកិត្តិយសនៃមន្ត្រីនគរបាលជាតិ៕
Post a Comment