សមត្ថកិច្ចបំបែកសំណុំរឿងប្ដីសម្លាប់ប្រពន្ធឯងហើយសម្ដែងថាប្រពន្ធរត់ចោល
ពោធិ៍សាត់៖ សមត្ថកិច្ចជំនាញបានបំបែកសំណុំរឿងប្តីសម្លាប់ប្រពន្ធខ្លួនឯង ហើយសម្តែងថាប្រពន្ធរត់ចោល។ ក្នុងករណីនេះសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា ប្តីគឺជាឃាតករសម្លាប់ប្រពន្ធខ្លួន ហើយយកទៅចោលក្នុងព្រៃសហគមន៍នៅសល់តែគ្រោងឆ្អឹង ត្រូវប្រជាពលរដ្ឋដើរកាត់ទំពាំងប្រទះឃើញនៅក្នុងព្រៃឫស្សីព្រិចខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ខណៈជនរងគ្រោះបានបាត់ខ្លួនកាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីឈ្មោះ រស់ សាវុធ អនុប្រធានភូមិអន្លង់មានថាមានប្រជាពលរដ្ឋដើរកាត់ទំពាំងឫស្សីព្រិច ឃើញមានមនុស្សដេកស្លាប់មានតែឆ្អឹងនៅក្នុងព្រៃសហគមន៍ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដោយមានការបញ្ជាពី លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និងកម្លាំងផ្នែកជំនាញស្រុក ដឹកនាំដោយលោកវរសេនីយទោ សុង គឹមសែ អធិការស្តីទី នៃធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកគ្រូពេទ្យកោសល្យវិច័យរបស់មន្ទីរពេទ្យខេត្តពោធិ៍សាត់ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព(សពមានតែគ្រោងឆ្អឹង)។
យោងតាមការបំភ្លឺពីឈ្មោះ ណយ នាង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា គាត់បានបាត់កូនស្រីបង្កើតឈ្មោះ នាង ណាក ហៅចាន់ណា អាយុ២៤ឆ្នាំ ប្ដីឈ្មោះ វិសាល ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនទីតាំង ១០ហិចតា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបាត់ខ្លួនកាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ មុនពេលបាត់ខ្លួនកូនស្រីខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី រឿងប្ដីប្រច័ណ្ឌ។
សមត្ថកិច្ចបានបន្តថា យោងតាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសបុករបស់ប្តី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នារីឈ្មោះ នាង ណាក ហៅ ចាន់ណា ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតាពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែងពណ៌ក្រហម អាវក្រៅដៃវែង។ តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពនៅកន្លែងកើតហេតុសពមានតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវ និងស្បែកជើង មានភិនភាគដូចក្នុងឃ្លីបវីដេអូដែលប្តីបានបង្ហោះសម្តែងក្នុងហ្វេសបុក ដោយសពមានខ្សែសាកទូរសព្ទមានប្រវែង ១.៦០ម៉ែត្រ រឹតក និងថង់ខ្មៅធំទំហំ៩០×១២០គ្របពីលើសាកសព។
យោងតាមការស្រាវជ្រាវជុំវិញករណីនេះ សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាជនសង្ស័យ ឈ្មោះ វិសាល ត្រូវជាប្ដីជនរងគ្រោះ។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨:១៥នាទី កម្លាំងជំនាញបានចុះទៅនាំខ្លួនឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនចិន ១០ហិតា ស្រុកវាលវែង មានទីលំនៅភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ ដោយឈ្មោះ សុខ វិសាល បានសារភាពថា ខ្លួនពិជាបានធ្វើសកម្មភាពយកខ្សែរឌុយសាកទូរសព្ទរឹតកប្រពន្ធខ្លួនឈ្មោះ នាង ណាក ហៅចាន់ណា នៅព្រៃព្រិច ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទី ដោយសាររឿងប្រច័ណ្ឌប្រពន្ធ។
ជនសង្ស័យឈ្មោះ សុខ វិសាល ធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល អវិជ្ជមាន(-) និងបានឃាត់ខ្លួនតាមបញ្ជា លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញនិតិធីចាត់ការតាមច្បាប់៕
Post a Comment