សមត្ថកិច្ចក្រុងពោធិ៍សាត់បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

 


ពោធិ៍សាត់ : ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង១០នាទី ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាល ក្រុងពោធិ៍សាត់  បានចុះបង្ក្រាបមុខសញ្ញា  រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ សុខ ចាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សុខ ចាន់ណា ក៏បានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅវេលាម៉ោង ១៨ និង២៨នាទី នៅចំណុចលើផ្លូវថ្នល់មួយកន្លែង ដែលស្ថិតនៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានឈ្មោះ សេត អ៊ីហ្វា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ (ទម្ងន់៥៣.១១ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ) ដែកកេះកែច្នៃសម្រាប់ជក់ថ្នាំញៀន ០២ដើម ទូរស័ព្ទចំនួន ០៥គ្រឿង ឆាំសម្រាប់ចូកថ្នាំញៀនចំនួន ០១ដើម ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១កំប្លេរ អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១អំពូល ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ បានបញ្ជូនកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ។


Powered by Blogger.