ស្នងការដ្ឋាននគរបាលខេត្ត រៀបចំពិធីបើកវគ្គបំប៉នជំនាញរយៈខ្លី ស្តីពីតួនាទី ភារកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
ពោធិ៍សាត់ : ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពី តួនាទី ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដើម្បីផ្ដល់ចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាននគរបាលប៉ុស្តិ៍រដ្ឋបាល តំណាងខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ។
ពិធីបើកវគ្គនេះ មានអញ្ជើញចូលរួម
ពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងលោកនាយ ការិយាល័យ លោកអធិការនគរបាលក្រុង.ស្រុក និងមានសិក្ខាកាមសរុបចំនួន ១៦៤នាក់ ស្រី៥២នាក់ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស ថេង បានអានរបាយការណ៍ស្វាគមន៍ និងផ្តាំផ្ញើដល់សិក្ខាកាមទងអស់ ត្រូវយកចិត្តទុកដាក់ សិក្សាស្វែងយល់ ក្រេបយកចំណេះដឹង ដើម្បីជាមូលដ្ឋានគ្រឹះ សំដៅការអនុវត្ត តួនាទីភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ច្បាប់ និងតម្រូវការសង្គម មានប្រសិទ្ធភាព ទទួលបានការជឿទុកចិត្ត ពីបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ទោ មាស លឹមតុង បានមាន ប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងសំខាន់ក្នុងការបង្កើនសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាក់ទងនឹងតួនាទីភារកិច្ចក្នុងការគ្រប់គ្រងស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការជួយដោះស្រាយវិវាទជម្លោះតាមមូលដ្ឋាន និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាល។
វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ ក៏ជាឱកាសសម្រាប់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរខេត្ត បាសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ការងារ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ឲ្យកាន់តែទទួលបានជោគជ័យ ៕
Post a Comment