ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីថៃ
(បាត់ដំបង)ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងសរុបជាង៣០ម៉ឺននាក់។
ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងដែលបានខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ឯកឧត្តម សង្កត់ធ្ងន់ថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកខ្លាំងណាស់ធ្វើយ៉ាងណាឱ្យពលករខ្មែរវិលចូលប្រទេសវិញប្រកបដោយភាពសុខស្រួល។
បងប្អូនពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។
បងប្អូនពលករ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។
សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនទៅដល់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាពនិងឥតគិតថ្លៃ។
ជាមួយគ្នានោះ អាជ្ញាធរមកពីតាមបណ្ដាខេត្តនានា ក៏បានមកចាំទទួលនិងដឹកជញ្ជូនបងប្អូនពលករខ្មែរត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញដោយសុវត្ថិភាព។រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕
Post a Comment