គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បន្តយុទ្ធនាការទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទក្នុងមូលដ្ឋាន

 


ខេត្តប៉ៃលិន៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំដោយ លោក សោ សុវណ្ណ អភិបាលរងខេត្តសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យទីតាំងមួយចំនួនដែលមានករណីសង្ស័យ ក្នុងភូមិ សាស្ត្រខេត្តប៉ៃលិន ដើម្បីចូលរួមបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាម អនឡាញ គ្រប់ប្រភេទ។



លោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ យុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។



លោកអភិបាលរងខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនកិច្ច សហការគ្នាដើម្បីអនុវត្តយុទ្ធនាការនេះ ឱ្យទទួលបានជោគជ័យស្របទៅតាមបទបញ្ជាលេខ០១ របស់ រាជរដ្ឋាភិបាល ស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានា ដែលរាជរដ្ឋាភិបាល បានដាក់ចុះឱ្យអនុវត្ត ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងមានដែលករណីសង្ស័យ ជាពិសេស ត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋ ក្នុងការរាយការណ៍ និងផ្តល់តម្រុយមកសមត្ថកិច្ច អំពីករណី ដែលមានការសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា៕











Powered by Blogger.