ករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងរថយន្តតាក់ស៊ី ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត

 



ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ ទំនាស់នៅក្រៅ ប្រព័ន្ធ តុលាការ ដោយករណីគ្រោះថ្នាក់ចរាចរនេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការ សម្របសម្រួលគ្នា ចំនួន ៣ លើក  ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្ករចំនួន ៤ លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្កបានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៍មិនយល់ព្រមវិញ ដោយទាមទារ សំណង ទឹក ប្រាក់បន្ថែម ទើបយល់ព្រមបញ្ចប់រឿង ដូច្នេះដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៍រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ ដោយសារជាថ្ងៃចុងសប្តាហ៌។




រហូតមកដល់ថ្ងៃនេះ ក្រោមការ សម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្ត ដោយអនុវត្តន៍តាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺ នយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្ត តាក់ស៊ី បាន ឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហាជាស្ថាពរត្រឹមនេះ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ  ព្រម ទាំង ស្រលាញ់ រាប់គ្នាជាបងប្អូន ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកជំទាវបណ្ឌិត អភិបាលខេត្ត ក៍បានឧបត្ថម្ភថវិកា ដល់ភាគីម៉ូតូចំនួន ៤លានរៀល និងភាគីរថយន្ត ចំនួន ៤លានរៀលផងដែរ ។



នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសសើរ ដល់មន្រ្តីជំនាញ ចរាចរណ៍ ផ្លូវគោកខេត្ត ដែលបានអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានសំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀត និងសូមកុំប្រកាន់ជេរវាយ ប្រហារលើក្រុម គ្រួសារ សពបង្កហេតុ ហើយយើងទាំងអស់គ្នាត្រូវមានជំហរជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវជឿជាក់ លើការ ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។



សូមរំលឹកថា៖ កាលពីវេលាម៉ោង ១៧៖១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរ មួយបាន កើតឡើង រវាងម៉ូតូ និងរថយន្ត ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា លើដងផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងសង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាលឱ្យមនុស្សម្នាក់បានបាត់បង់អាយុជីវិត នៅនឹងកន្លែងកើតហេតុ ហើយចំពោះករណីនេះ មន្រ្តី ជំនាញ ចរាចរណ៍ផ្លូវគោកខេត្ត បានរកឃើញថាភាគីណាខុសភាគីណាត្រូវ ហើយកំពុងតែវាយតម្លៃជារួមដើម្បីបន្ត នីតិវិធី ទៅតាមផ្លូវច្បាប់ ដោយសារមិនទាន់ការស្រុះស្រួលគ្នា។ ពៅកុសល










Powered by Blogger.