អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃព្រហស្បត៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥នេះកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួច(ម៉ូត)ទៅសាលាដំបូងខេត្តមន្ទាយមានជ័យដើម្បីឣនុវត្តតាមនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ករណីបាត់ម៉ូតូម៉ាក ហុងដា ZOOMER-X ពណ៌ស លាយពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ (ភ្ជាប់ប្រព័ន្ធ GPS) កាលពីវេលាម៉ោ២២ និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានប្រទះឃើញម៉ូតូចតនៅចំណតផ្ញើម៉ូតូមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងផ្ញើម៉ូតូរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងធ្វើវិធានការស្រាវជ្រាវ ឃ្លាំមើលរហូតដល់វេលាម៉ោង១៨ និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្រាប់តែឃើញមានអ្នកទៅយកម៉ូតូ នៅកន្លែងផ្ញើម៉ូតូខាងលើ ពេលនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យួន ពិសិដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅយកម៉ូតូម៉ាកស៊ូម័រX នៅកន្លែងផ្ញើម៉ូតូរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតពិតប្រាកដមែន។ ដោយថាម៉ូតូនោះជាម៉ូតូអ្នកស្គាល់គ្នា ឈ្មោះ ស្នា ឱ្យខ្លួនទៅយកនៅមន្ទីរពេទ្យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ទោះជាយ៉ាងណា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
Post a Comment