កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...




   (បន្ទាយមានជ័យ): នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មុត ដឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្តីពីករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចតាស្តា ឃុំតាស្តា ស្រុកសំពៅលូន បង្កដោយឈ្មោះ វង្ស កូរ៉ាត់ ហៅក្រៅ អិញ-សន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាព ខ្ចីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ កំពត 1N-9370 រួចយកទៅដាក់បញ្ចាំ ហើយគេចខ្លួនមកខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់ លីបូទុម្ទ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស កូរ៉ាត់ ហៅក្រៅ អិញ-សន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ 




     លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន និងបានសារភាពទៀតថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខ្លួនធ្លាប់បានធ្វើសកម្មភាពចូលលួចគាស់ផ្ទះរបស់ជនគ្រោះឈ្មោះ វង្ស ចន្រ្ទា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ។ 



    ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 




      លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 


   បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Powered by Blogger.