ឯកឧត្តមអភិសន្តិបណ្ឌិតសល់សុខានិងលោកជំទាវអញ្ជើញសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត....!
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី នឹងលោកជំទាវ កែ សួនសុភី ស សុខាអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោតស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
ក្នុងឱកាសនោះឯកឧត្ដមអភិសន្តិបណ្ឌិត សសុខាបានថ្លែងថា សាលាវិបស្សនានេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសាសនានៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពើបច្ចេកទេសការធ្វើវិបស្សនា សម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធបរិស័ទជិត ឆ្ងាយ និងជាពិសេសអ្នកដែលមានវិបត្តិផ្លូវចិត្ត មានវិបត្តិស្មុគស្មាញក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីកត្តាជាច្រើន ទាំងសម្ពាធគ្រួសារ និងវិបត្តិសេដ្ឋកិច្ច។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមទៀតថា «ការអប់រំផ្លូវកាយ និងផ្លូវចិត្តនេះ បានលើកកម្ពស់ការអប់រំសីលធម៌ ជាពិសេសដល់យុវជនជំនាន់ក្រោយ ឱ្យមានការយល់ដឹង ពីអំពើល្អ និងអំពើអាក្រក់ ដោយឃើញសារសំខាន់នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយវិស័យសាសនា ឱ្យមានការអភិវឌ្ឍ និងបង្កើនការផ្សព្វផ្សាយបន្តទៀត ទាំងផ្នែកវប្បធម៌ ការអប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម»។
ថ្លែងពីវេទិកានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាជ្រើសយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា ផ្តល់សិទ្ធិ និងបើកចំហឱ្យប្រជាពលរដ្ឋរបស់ខ្លួន ជ្រើសរើសសាសនាដែលខ្លួនស្រឡាញ់ គោរព និងប្រតិបត្តិ និងបើកឱកាសឱ្យប្រជាពលរដ្ឋ ប្រារព្ធឡើងនូវកម្មវិធីសាសនាផ្សេងៗដទៃទៀតផងដែរ និងថាតាមរយៈការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមម្លប់សន្តិភាព កម្ពុជាមានកាលានុវត្តភាព សមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា។
សូមបញ្ជាក់ថា សាលាវិបស្សនា ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ មានទំហំ១៥ម៉ែត្រ គុណ ៣៣,៨០ម៉ែត្រ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចំណាយទឹកប្រាក់ ចំនួន ១៥៣.៥០០ដុល្លា ជាអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខាតែម្ដង៕
Post a Comment