ខេត្តបន្ទាយមានជ័យអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ ២០២៥ ខួបអនុស្សាវរីយ៍លើកទី១៣៩ក្រោមប្រធានបទ រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាព និងភាពធនដោយមានកម្មករចូលរួមជាង ៧០០ នាក់ ...!
បន្ទាយមានឃ័យ÷នៅព្រឹក ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៥ នេះឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ ២០២៥ ខួបអនុស្សាវរីយ៍លើកទី១៣៩ក្រោមប្រធានបទ រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាព និងភាពធនដែលរៀបចំឡើងដោយមន្ទីរបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យនៅសាលប្រជុំនៃសាលាខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត អង្ភភាពទាំង៣ រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំសង្កាត់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនិងសិស្សានុសិស្ស ប្រហែល ៩០០នាក់ ។
លោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថា សហគ្រាសគ្រឹះស្ថានក្នុងខេត្តសរុបចំនួន ៩៥០សហគ្រាស កម្មករនិយោជិតសរុប ២២,៥១២នាក់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅក្រុងប៉ោយប៉ែត រួមមានតំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាលគ្រុប និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូនាង ដោយឡែកនៅក្នុងក្រុងសេរីសោភ័ណមានសួនឧស្សាហកម្មចំនួន១គឺ សួនឧស្សាហកម្ម ស៊ីសុផុន អ៊ិនដាសស្ទៀល ផាក ។
លោក នួន សុីណា បានបន្តថា ការលេចឡើងនៅបដិវត្តន៍ឧស្សាហកម្មទី៤.០ បាននាំឱ្យតម្រូវការជំនាញកាន់តែខ្ពស់ ដែលនេះអាចនឹងបង្កឲ្យមានបញ្ហាកង្វះជំនាញ ព្រមទាំងការជំនួសកម្លាំងមនុស្សដោយម៉ាស៊ីន ស្វ័យប្រវត្តិកម្មនិងបញ្ញាសិប្បនិម្មិតដែលនេះអាចនាំឲ្យបាត់បង់ការងារ ជាពិសេសសម្រាប់កម្លាំងពលកម្មជំនាញទាប និងគ្មានជំនាញ ដូចនេះដើម្បីទប់ទល់នឹងបញ្ហាប្រឈមខាងលើនេះ គឺតម្រូវឲ្យមានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាគឺជាការចាំបាច់បំផុត។
ឯកឧត្តម អ៊ំុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឲ្យឃើញអំពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ការពង្រឹង និងពង្រីកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្លាំងពលកម្ម ដែលកំពុងធ្វើការគឺមានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មក្នុងខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញទាំងនៅក្នុងខេត្ត និងក្នុងប្រទេសដែលកំពុងតែមានការកើនឡើង។
នៅចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីបានផ្ដល់ជូនកម្មការីនីមានផ្ទៃពោះម្នាក់ៗទទួលបាន ក្រមា១ សារុង១ និងថវិកា ៤ម៉ឺនរៀល ដោយឡែកកម្មករ កម្មការីនី ម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ២ម៉ឺនរៀលផងដែរ៕
Post a Comment