លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំគណៈស្នងការ និងកម្លាំងក្រោមឱវាទ និមន្តព្រះសង្ឃ ធ្វើពិធីក្រុងពាលី ដើម្បីយកវេលា សាងសង់ សំណង់អាគារស្នាក់ការផែ សម្រាប់កម្លាំងនគរបាល បម្រើការងារប្រចាំថ្ងៃ
ពោធិ៍សាត់: នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ និងកម្លាំងក្រោមឱវាទ និមន្តព្រះសង្ឃ ធ្វើពិធីក្រុងពាលី ដើម្បីយកវេលា សាងសង់ សំណង់អាគារស្នាក់ការផែ សម្រាប់កម្លាំងនគរបាល បម្រើការងារប្រចាំថ្ងៃ ។
លោកស្នងការបានមានប្រសាសន៍ថា ដោយយល់ឃើញ នូវការខិតខំប្រឹងប្រែងរបស់កងកម្លាំង បម្រើការងារលើផ្ទៃទឹក រយៈពេលយូរ ពុំទាន់មានទីតាំងពិតប្រាកដ ហើយស្នាក់ការបណ្តែតទឹកមានសភាពចាស់ទ្រុឌទ្រោម លិចធ្លុះធ្លាយមិនអាចបណ្តែតលើផ្ទៃទឹកទៀតបាន លោកស្នងការបានស្នើសុំទៅកាន់លោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អំពីការសុំកាន់កាប់ដីទំហំ ៣០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ដើម្បីធ្វើជាស្នាក់ការបណ្តោះអាសន្ន ។ លោកស្នងការបានបន្តថា ដោយមានអនុសាសន៍ចង្អុលការ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឲ្យស្នងការដ្ឋាននគរបាលខេត្ត រៀបចំសាងសង់សំណង់រឹងមាំសមល្មម សម្រាប់កងកម្លាំងបម្រើការងារ នាថ្ងៃនេះស្នងការដ្ឋានបានរៀបចំ ពិធីក្រុងពាលី ដោយនិមន្តព្រះសង្ឃ ប្រោសព្រំ សុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់កងកម្លាំងបម្រើការងារលើផ្ទៃទឹក ក៏ជាកម្លាំងបម្រើការងារលើដីគោក និងក្រុងពាលី សុំសាងសងអាគារស្នាក់ការផែ មួយ មានបីបន្ទប់ និងសាលប្រជុំមួយ សម្រាប់ កម្លាំងនគរបាល នៃការិយាល័យចរាចរណ៍ផ្លូវទឹក ការិយាល័យនគរបាលអន្តោប្រវេសន៍ និង កម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ អាគារស្នាក់ការផែនេះដែរ មានទីតាំង ស្ថិតនៅតំបន់៣ ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងសាងសង់ដោយប្រើប្រាស់ថវិការបស់លោកស្នងការនគរបាលខេត្តផ្ទាល់ ព្រមទាំងថវិកាចូលរួមឧបត្ថម្ភ ពីសប្បុរសជន ក្នុងខេត្ត និងក្រៅខេត្តផងដែរ ៕
Post a Comment