លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ ចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងយានយន្តតុបតែងខុសលក្ខណៈបច្ចេកទេស
ពោធិ៍សាត់ៈ តបតាមអនុសាសន៍ចង្អុលការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជារបស់ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ព្រមទាំងការដឹកនាំ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែមិនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង នៃការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះធ្វើការត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តតុបតែង បំពាក់សម្ភារៈខុសលក្ខណៈបច្ចេកទេស ធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្ត កិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងលិចរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ។
លោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ឲ្យដឹងថា ក្នុងសហប្រតិបត្តិការចុះត្រួតពិនិត្យនេះប្រើប្រាស់កម្លាំង ៣៦នាក់ សមត្ថកិច្ចបានត្រួតពិនិត្យ លើរថយន្តចំនួន៥១គ្រឿង បានធ្វើតេស្តគ្រឿងញៀនលើអ្នកបើកបររថយន្តចំនួន ៥១នាក់ ក្នុងនោះមានផ្ទុក សារធាតុញៀន កញ្ឆា១នាក់ សមត្ថភាពបានធ្វើអប់រំធ្វើកិច្ចសន្យា នៅនឹងកន្លែង និងបានបកកញ្ចក់ខ្មៅលើកញ្ចក់រថយន្តបានចំនួន៣៥គ្រឿង ដោះវាំងននបិទបាំងចំនួន១៥គ្រឿង និង បានត្រួតពិនិត្យលើរថយន្តប្រើប្រាស់ផ្លាកលេខខុសប្រក្រតី ១៥គ្រឿង ៕
Post a Comment