ពិធីចម្រើនអាយុវឌ្ឍនៈមង្គល ប្រគេនប្រកាសនីយបត្រតែងតាំង និងស្រោចស្រពសុគន្ធវារី ដល់ព្រះចៅអធិការ វត្តគីរីរុក្ខារាមថ្មរមៀល..!

 


បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីភាពក្នុងពិធី ចម្រើនអាយុវឌ្ឍនៈមង្គល ប្រគេនប្រកាសនីយបត្រតែងតាំង និងស្រោចស្រព សុគន្ធវារី ព្រះខេមញាណ រ៉េន ស៉ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការអនុគណស្រុកថ្មពួក និង ជាព្រះចៅអធិការ វត្តគីរីរុក្ខារាមថ្មរមៀល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។




ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីធម្មការនិងសាសនាខេត្ត  ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ ព្រះវចនាចារ្យ ណេន សុជិក ព្រះរាជាគណ:ថ្នាក់ កិត្តយស ព្រះអនុគណស្រុកថ្មពួក ព្រះសង្ឃជាច្រើនអង្គ លោក លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោកអភិបាលរងស្រុកថ្មពួក កងកម្លាំង មន្ត្រីរាជការ លោក លោកស្រី ក្រុមប្រឹក្សាឃុំ លោកតា លោកយាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តយស លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័យដែលបានចូលរួមពិធីនេះ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានគោរពថ្លែងអំណរគុណ ឯឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវអគ្គមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ ,ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ឯកឧត្តម កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ និង លោកជំទាវ ព្រហ្ម រដ្ឋា ដែលបានលះបង់ទ្រព្យធនផ្ទាល់ខ្លួនទុកជាសម្បត្តិដ៏ច្រើនក្នុងការកសាងវត្តគីរីរុក្ខារាមថ្មរមៀល។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង លោកស្រី ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិការមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងឱកាសនោះផងដែរ ដោយមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួ។ ប្រជាពលរដ្ឋចូលរួមកម្មវិធី ទទួលបានថវិការ១ម៉ឺនរៀល និងសារ៉ុង១  លោកគ្រូ អ្នកគ្រូ ទទួលបានថវិការ៥ម៉ឺនរៀល សារ៉ុង១ និងសិស្សានុសិស្ស៥០នាក់ ក្នុង១នាក់ទទួលបាន សៀវភៅ៥ក្បាល ប៊ិច២ដើម ទឹកលុប១ដើម ថវិការ៥០០០រៀល។

ជាងចុងបញ្ចប់គណអធិបតីក៏បាន ធ្វើពិធីប្រគល់ទទួល ប្រគេនប្រកាសនីយបត្រតែងតាំង និងស្រោចស្រព សុគន្ធវារី ព្រះខេមញាណ រ៉េន ស៉ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការអនុគណស្រុកថ្មពួក និង ជាព្រះចៅអធិការ វត្តគីរីរុក្ខារាមថ្មរមៀល។ ក្នុងនោះព្រះសង្ឃចំនួន៦អង្គ និងអាចារ្យ១នាក់ផ្សេងទៀត ក៏ទទួលបានប្រកាសនីយបត្រតែងតាំងមុខតំណែងផងដែរ៕

Powered by Blogger.