កងរាជអាអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិថៃប្រុស-ស្រី២នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

 (បន្ទាយមានជ័យ)÷ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២១​ ខែធ្ន​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានដឹកនាំកងកម្លាំង​ចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃប្រុស-ស្រីចំនួន០២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន​ នៅចំណុចអគារស្នាក់នៅម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 




លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់​ ១-ឈ្មោះ នីតតាយ៉ា ស៊ីងកែវ ហៅវ៉ាន់ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិថៃ មុខរបរលក់ផលិតផលតាមអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ វុទ្ធីឆៃ សែងវ៉ា ហៅ ជេជេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ សម្ភារៈវត្ថុតាងចាប់បានរួមមាន ៖

គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០១កូនថង់កិប ទម្ងន់ ១,៥៤ក្រាម ,​ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៣កូនថង់កិប ស្មើនឹង ៧៩គ្រាប់ ទម្ងន់ ៨,៨៣ក្រាម ,​ទូរសព្ទ ចំនួន ០២គ្រឿង (ម៉ាកVIVO ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ស),​ បណ្តោងលោហធាតុរូបព្រះ ចំនួន ០៤,​ ផ្លាស់ (USB 32G) ចំនួន ០១,​អត្តសញ្ញាណប័ណ្ណសញ្ចាតិថៃ ចំនួន ០១សន្លឹក,​ កាតធនាគារថៃ ចំនួន ០១សន្លឹក,កាបូបស្ពាយពណ៌ត្នោត ចំនួន ០១។ 



លោកបន្តថា​ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខថាមានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលេី​ លោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុភ្លាមៗ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាង នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ​ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យទាំង២នាក់បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។  លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

Powered by Blogger.