ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី

 


 (បាត់ដំបង)នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូអមដំណើរ, ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ស្នងការ, លោកឧត្តមសេនីយ៍មេបញ្ជាការ, លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន មន្រ្តីរាជការ តាមបណ្ដាមន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។



យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៣រូប ដូចមានរាយនាមខាងក្រោម៖

១-លោក សឿម ប៊ុនរិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ

២-លោក ស្រេង ហុង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង

៣-លោក ហេង វណ្ណនី ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង។


-ចំណែក លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ត្រូវបានផ្ទេរឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។


មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការងារកំណែទម្រង់លើគ្រប់វិស័យដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងការកែលម្អបរិយាកាសវិនិយោគនៅក្នុងខេត្ត។



ឯកឧត្តម ម៉ៅ ច័ន្ទតារា បានសម្តែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបងដែលបាន ខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីភារកិច្ចកន្លងមកក្នុងសម្រេចបានសមិទ្ធផលការងារជាច្រើន រក្សាបានស្ថិរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងសមិទ្ធផលនានាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។



លោក ស្រេង ហុង អភិបាលរងខេត្តបាត់ដំបងទើបចូលកាន់តំណែងថ្មី បានបង្ហាញការប្ដេជ្ញាចិត្តខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារជូនរាជរដ្ឋាភិបាលនិងបម្រើប្រជាជននៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។



លោក ស្រេង ហុង ប្ដេជ្ញាគោរពនិងប្រតិបត្តិការប្រកបដោយភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលនិងប្រជាជនស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការពារថែរក្សាសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យកម្លាំងណាមួយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ៕















Powered by Blogger.