លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅអនុវត្តបន្ត

 



ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំអាគារអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះ
មានការចូលរួមពីលោក លោកស្រី ស្នងការរង ផែនការងារជំនាញ និងលោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង៧។

លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគ បានអានរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយរក្សាបានលទ្ធផលល្អ ក្នុងនោះ លោកនាយការិយាល័យ ក៏បានសំណូមពរ លោកអធិការជួយជម្រុញពង្រឹងលើការងារអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព។ ផែនការងារប្រឆាំងការជូញដូរ សូមបន្ស៊ីគ្នារវាងរបាយការណ៍ប្រជាពលរដ្ឋចំណូល-ចំណាក ជាមួយអធិការដ្ឋាននគរបាលស្រុក.ក្រុងផងដែរ ។

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត សរសើរដល់ គណៈស្នងការ អធិការនគរបាលដែលបានដឹកនាំកងកម្លាំង និងប៉ុស្ត៍នគរបាលរដ្ឋបាល មានការខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន និងនៅតាមមូលដ្ឋាន។ លោកស្នងការ ក៏បានលើកឡើងពីស្ថានភាពសន្តិសុខ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និងណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំង ត្រួតពិនិត្យ ក្តាប់ទីតាំង ណែនាំ ធ្វើកិច្ចសន្យាអប់រំ និងស្វែងយល់បែងចែក Drone ស៊ើបការណ៍ និង Drone បង្ហោះថតរូបភាព ឬDrone កសិកម្ម ក្តាប់ឱ្យបាននូវស្ថិតិ ប្រជាពលរដ្ឋ ចំណូល- ចំណាកស្រុក ភាសសឹក និងស្រាវជ្រាវឱ្យបានច្បាស់លាស់លើ ជនលក់ក្បាលឱ្យប្រទេសជិតខាង ត្រួតពិនិត្យ និងបែងចែក រវាងសត្វចិញ្ចឹមធម្មតា នឹង សត្វដែលមានភ្ជាប់ប្រព័ន្ធGPS បើមានករណីរកឃើញ សូមកម្ទេចឧបករណ៍តាមដាននោះ ជាបន្ទាន់។

លោកស្នងការបានជម្រុញឱ្យគ្រប់បណ្តាអង្គភាព ត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឱ្យបានល្អ និងជំរុញកម្លាំងនគរបាលឱ្យមានភាពសកម្មក្នុងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងអនុវត្តការងារប្រចាំថ្ងៃ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប មុខសញ្ញា សេសសល់ក្នុងករណី មុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន ពិរុទ្ធជន ទណ្ឌិតក្នុងពន្ធនាគារ និងមុខសញ្ញាអនុវត្តទោសរួច បន្ស៊ីបញ្ចូលគ្នា រវាងមុខសញ្ញាព្រហ្មទណ្ឌ គ្រឿងញឿន និងក្មេងទំនើង បម្រើឱ្យការងារស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស ធ្វើបច្ចុប្បន្នភាព តម្លើងបញ្ជីគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ របស់គ្រប់ប្រភេទ ធ្វើការផ្សព្វផ្សាយបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងវិស័យឯកជន ធ្វើការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមផ្ទះ តាមដងផ្លូវ និងគោលដៅអាជីវកម្ម ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល អំពីការគ្រប់គ្រង ចងក្រង ប្រមូលព័ត៌មានអ្នកជួលស្នាក់នៅ និងផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចគ្រប់ការចេញ-ចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។ សហការតម្លើងបញ្ជី ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងក្មេងទំនើង មុខសញ្ញាមេក្លោង រឹងរូសមិនរាងចាល និងគ្រោះថ្នាក់ មុខសញ្ញាសកម្មក្នុងការធ្វើសកម្មភាពបង្កការអុកឡុក បង្កភាពភ័យខ្លាចក្នុងមូលដ្ឋាន និងមុខសញ្ញាដើរតាមហែហមគេ ឬមុខសញ្ញាងាយរងគ្រោះ ធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ.ឃុំសង្កាត់មានសុវត្ថិភាព តាមគ្រប់មធ្យោបាយ តាមទីកន្លែងប្រមូលផ្តុំ កន្លែងកំសាន្ត ទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រៀបចំ និងពង្រឹងប្រព័ន្ធទទួលព័ត៌មានទាន់ហេតុការណ៍ដើម្បីចេញអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ពង្រឹងការត្រួតពិនិត្យតាមច្រកទ្វារព្រំដែន និងល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ៕










Powered by Blogger.