ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅបរិវេណសាលាវិទ្យាល័យកណ្តៀង ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ លោកអធិការ អធិការរង និងអាជ្ញាធរមានសមត្ថកិច្ច លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានអានរបាយការណ៍កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ កងកម្លាំងនៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងបានអំពាវនាវអោយប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍ ទិសស្លោក បីកុំ មួយរាយការណ៍ កុំពាក់ព័ន្ធ កុំជួញដូថ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន កុំអន្តរាគមន៍ កុំរារាំងការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញឿន កុំលើកលែង កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន និងមួយរាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចអំពីសកម្មភាពទាំងឡាយណាដែលខ្លួនបានដឹងបានឃើញ ជនជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញឿនគ្រប់ប្រភេទ រួមទាំងទីតាំង ដាំដុះ កែឆ្នៃ ផលិត លាក់ទុក គ្រឿងញឿនខុសច្បាប់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថ្លែងអំពីសារៈសំខាន់នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឱកាសសម្រាប់បង្កើនការយល់ដឹង និងការចូលរួមរួមគ្នា ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលជាភេរវកម្មផ្នែកសង្គម បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះយុវជន និងសុវត្ថិភាពសង្គមជាតិតាមរយៈវិធីសាស្រ្តស៊ីវិល និងសហការជាមួយអាជ្ញាធរ ដើម្បីរួមគ្នាជំរុញសង្គមឲ្យមានសុវត្ថិភាព សុខដុមរម្យ និងរលូនក្នុងការអភិវឌ្ឍន៍ ៕
Post a Comment