កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា...

 



   (បន្ទាយមានជ័យ): នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ លី ឡូយ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាបងប្រុសបង្កើតរស់នៅជាមួយគ្នា ស្ដីពីករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចទីតាំងខាងលេី។ ក្រោយទទួលបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ឡូយ រួមទាំងដកហូតវត្ថុតាងដំបងឈើមូលប្រហែល៨៥សង់ទីម៉ែត្រ និងបានធ្វើតេស្តទឹកនោម មានសារធាតុញៀនវិជ្ជមាន(+) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។



    លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាលើប្អូនស្រីខ្លួនឯងពិតប្រាកដមែន ដោយសារខ្លួនខឹងនឹងប្អូនស្រីនិយាយរអ៊ូ ស្ដីឱ្យខ្លួន ហេីយខ្លួនទ្រាំពុំបានក៏បានយកចានបាយគប់ទៅលើប្អូនស្រីចំខ្នង និងបានយកដំបងឈើវ៉ៃទៅលើស្មងជើងទៀតផង។







    ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

      លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

   បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
Powered by Blogger.