ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវភ្លៀងចែកជូនកងកម្លាំងប្រដាប់អាវុធចំណុះគណៈបញ្ជាការឯកភាពសមូរភូមិទិសទី១ យោធភូមិភាគទី៤
ខេត្តព្រះវិហារ៖ដោយមើលឃើញពីទុក្ខលំបាក ក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវវស្សា ជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់ យោធិនគ្រប់រូប នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរង កងទ័ពជើងគោក បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះសមូរភូមិទិសទីស១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងប្រដាប់អាវុធចំណុះគណៈបញ្ជាការឯកភាពសមូរភូមិទិសទី១ ទាំងអស់ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារទឹកដីតាមបន្ទាត់ព្រំដែនបានយ៉ាងល្អ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក។លោកបានបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងការលះបង់របស់កងទ័ព ប្រមុខថ្នាក់ដឹកនាំ បានឧបត្ថម្ភអាវភ្លៀង ចែកជូនដល់យោធិនគ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាព ពេលបំពេញភារកិច្ចនៅរដូវវស្សានេះ។
នាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល នាយនគរបាលរង ពលនគរបាលទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជារៀងរាល់ឆ្នាំ សម្តេចតែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅរដូវភ្លៀងតែងតែផ្តល់ជូននូវអាវភ្លៀងមិនដែលអាក់ខានឡើយ។
ទោះជាយ៉ាងណាកងទ័ពទាំងអស់ បានប្តេជ្ញាការពារដាច់ខាត បូរណភាពទឹកដី ជាតិមាតុភូមិ រដ្ឋធម្មនុញ ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ប្តេជ្ញាដាច់ខាត ស្មោះត្រង់ ការពារសម្តេចតេជោ និសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារឥតងាករ៉េ៕
Post a Comment