កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ប្រកាសលេខ៤២២១ ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ

 


 (បាត់ដំបង)ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ប្រកាសលេខ៤២២១ ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ។កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មន្រ្តីរាជការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។


ជាកិច្ចចាប់ផ្ដើម មន្រ្តីនគរបាលជំនាញផ្នែកអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើបទបង្ហាញពីខ្លឹមសារអនុក្រឹត្យ ប្រកាសរបស់ក្រសួងមហាផ្ទៃ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ។



មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលដែលមានសញ្ញាតិខ្មែរគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ រួមមានព្រះសង្ឃ ជនវិបល្លាសស្មារតី ទណ្ឌិត ដែលពីមុនមិនអនុញ្ញាតឡើយ ។ផ្តល់សុពលភាពអចិន្ត្រៃយ៍ចំពោះបុគ្គលដែលមានអាយុចាប់ពី៦០ឆ្នាំឡើង,ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាទម្រង់សន្លឹកប្លាស្ទិកដែលយើងធ្លាប់ប្រើ និងទម្រង់អេឡិចត្រូនិកដែលអាចបង្ហាញតាមស្មាតហ្វូនដោយមិនបាច់កាន់សន្លឹកប្លាស្ទិក។



ឯកឧត្តម សុខ លូ មានប្រសាសន៍ណែនាំដល់ក្រុមការងារធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រគេនព្រះសង្ឃត្រូវចុះផ្តល់នៅតាមសាលាគណ សាលាអនុគណ ឬដល់ទីវត្តអារាមដែលមានព្រះសង្ឃគង់នៅច្រើន ជាពិសេសតាម ពុទ្ធិកសិក្សាគ្រប់កម្រិត ហើយដោះស្រាយនូវរាល់បញ្ហាប្រឈមដូចជាករណីគ្មានសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ចេញឯកសារសម្គាល់ការស្នាក់នៅ។ក្រុមការងារត្រូវចុះធ្វើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរប្រគេនព្រះសង្ឃ ជាការបើកយុទ្ធនាការដំបូងនៅវត្តពោធិ៍វាល ដែលមានព្រះសង្ឃច្រើនព្រោះមានសាលាពុទ្ធិកវិទ្យាល័យអ៊ឹង ធួង។



ឯកឧត្តម សុខ លូ បានណែនាំបន្ថែមថា ចំពោះជនវិបល្លាសស្មារតីដែលមានគ្រួសារស្នើយកទិន្នន័យ និងអាស័យដ្ឋានតាមគ្រួសារហើយចំពោះជនវិបល្លាសនៅក្នុងមណ្ឌលត្រូវយកទិន្នន័យតាមប្រធានមណ្ឌល និងអាស័យដ្ឋានមណ្ឌលចំណែកចំពោះទណ្ឌិតត្រូវសហការជាមួយប្រធានពន្ធនាគារដើម្បីផ្តល់តាមនីតិវិធីជាធរមាន។



ជារួម ឯកឧត្តម សុខ លូ អភិបាលខេត្ត បានណែនាំដល់ក្រុមការងារត្រូវជំរុញការផ្សព្វផ្សាយ និងបង្កើនការយកចិត្តទុកដាក់ ព្រមទាំងខិតខំសម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង៕


















Powered by Blogger.