កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១០ ខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
(បាត់ដំបង)ព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១០ ខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានការអញ្ជើញចូលរួមដោយ លោកអភិបារង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង-ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ ៣៦៦នាក់ ដែលធ្វើឡើងនៅសាលាប្រជុំសាលាខេត្តបាត់ដំបង។
បន្ទាប់ពីបានស្តាប់លោក ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត ឡើងអានផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥រួចមក។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ស្នើដល់លោក ធូ ភា បន្តខិតខំដឹកនាំ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងនេះឱ្យបានផុសផុលបន្ថែមទៀត ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បានបន្តជំរុញដល់ការផ្សព្វផ្សាយណែនាំអំពីការប្រប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrug ដែលជាកម្មវិធីប្រើប្រាស់សម្រាប់រាយការណ៍រាល់ករណីបទល្មើសគ្រឿងញៀនជូនដល់អាជ្ញាធរមានសមត្ថកិច្ចបានលឿនឆាប់រហ័ស និងសុវត្ថិភាព ដល់មន្ត្រីប្រដាប់អាវុធតាមមូលដ្ឋានដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ។
Post a Comment