ជនជាតិថៃ ០៣នាក់ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បណ្ដេញ ចេញពីកម្ពុជា...!
បន្ទាយមានជ័យ ៖ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញជនជាតិថៃប្រុសស្រី ចំនួន០៣នាក់ ចេញពីកម្ពុជា បន្ទាប់ពីរកឃើញថា លួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) នៅកម្ពុជា ។
ការប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ទោ កោ ពាក់ឡុង ជាមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងខាងភាគីថៃដឹកនាំដោយលោកស្រីអនុសេនីយ៍ឯក WALAI DAMTHIP ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ ៕
Post a Comment