លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌទី០៩ នៅវត្តសមាធិផល
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នា នាំយកទ័យទាន ទ័យវត្ថុ និងបច្ច័យ ទៅចូលរួមកាន់បិណ្ឌទី០៩ នៅវត្តសមាធិផល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រោយពីព្រះសង្ឃសូត្រមន្ត សម្តែងធម្មទេសនា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី ព្រមទាំងសហការីក្រោមឱវាទ បានប្រគេន បច្ច័យសម្រាប់កសាងវត្តសមាធិផលសរុប១២,៨៨០,០០០រៀល(ដប់ពីរលានប៉ែតសិបប្រាំបីមុឺនរៀល) ប្រគេនថវិកាចំពោះព្រះសង្ឃចំនួន៨៩អង្គ ក្នុងមួយអង្គ៤មុឺនរៀល ដោយឡែកព្រះចៅអធិការវត្តថវិកាចំនួន៣៦មុឺនរៀល និងរួមសម្ភារៈមាន អង្ករចំនួន ១៦ ការ៉ុង ទឹកក្រូចចំនួន ០៩កេស ទឹកសុទ្ធវីតាល់ចំនួន ០៩កេស ទឹកសុីអុីវចំនួន០៩យួរ ទឹកត្រីចំនួន០៩យួរ មីចំនួន០៩កេសតូច សរុបថវិកាទាំងអស់ ២០,៥៩៣,០០០រៀល(ម្ភៃលានហាសិបប្រាំបួនបីពាន់រៀល) ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានប្រគេនពរដល់គ្រប់ព្រះអង្គ និងជូនពរដល់ លោក លោកស្រី មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ដែលបានចូលរួមបុណ្យ សូមអនុមោទនាយកមគ្គផលបុណ្យដែលបានធ្វើក្នុងថ្ងៃនេះ តាមកម្លាំង សទ្ធារៀងៗខ្លួន ពិសេសសមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បញ្ជាក់៖ក្នុងកម្មវិធីកាន់បិណ្ឌវេនទី៩នេះដែរ ក៏មានលោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកាន់បិណ្ឌក្នុងវេនទី៩នេះផងដែរ ដោយចូលរួមបច្ច័យចំនួ១លានរៀល សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យនិងកសាងសមិទ្ធផលនានាក្នុងវត្តទុកជាប្រយោជន៍រួម៕
Post a Comment