អាជ្ញាធរព្រមបើកទឹកអាង ត្រពាំងថ្ម សង្រ្គោះដំណាំស្រូវ ប្រជាកសិករ ស្រុកភ្នំស្រុកតែអោយការប្រើប្រាស់ទឹកមានការសន្សំសំចៃ...!
បន្ទាយមានជ័យ,÷ក្រោយពីប្រជាពលរដ្ឋ ផ្ទុះកំហឹងនឹងបានលើកគ្នាមកតវ៉ាដើម្បីអោយ អាជ្ញាធរស្រុកភ្នំស្រុកបើកទម្លាក់ទឹកអាងត្រពាំងថ្មដើម្បី សង្គ្រោះដំណាំស្រូវរបស់ពួកគាត់ប្រឈមការខូចខាតដោយសារខ្វះទឹកនោះពេលនេះមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួលបើកទ្វារទឹកអាងត្រពាំងថ្មក្នុងស្រុកភ្នំស្រុក ដើម្បីបានទឹកស្រោចស្រពផលដំណាំស្រូវរបស់ពួកគាត់ ដែលកំពុងធ្វើស្រែក្បែរអាងទឹកត្រពាំងថ្មហើយ..។
ការចុះសម្របសម្រួលនេះ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្តលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម កន្លងទៅថ្មីៗនេះ។ លោក យឹមប៊ុនរ៉ុម បានបញ្ជាក់ថា ដោយពិនិត្យមើលឃើញពីការរាំងស្ងួតអូសបន្លាយវែង ភ្លៀងមានសង្ឃឹមតិចតួច រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរធនធានទឹកនិងឧតុនិយម បានធ្វើការ បេីកទឹកពីអាង ដើម្បីជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលអាស្រ័យផលធ្វើស្រែក្បែរអាងទឹក ហើយការផ្តល់ទឹកចេញពីអាង មិនអាចគ្រប់គ្រាន់នៃតម្រូវការ របស់បងប្អូនប្រជាកសិករនោះទេ ព្រោះទឹកនៅសល់តិចតួចតែប៉ុណ្ណោះតែបើយើង បេីកបង្ហូរឲ្យអស់ ពីអាងវានឹងអាចមានផលប៉ះពាល់ដល់ជីវៈចម្រុះ ដូច្នេះការបើកអាងទឹកនេះបានរយៈពេល 3ទៅ4ថ្ងៃតែប៉ុណ្ណោះ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ថា ទឹក មានសារៈសំខាន់ណាស់ ទាំង មនុស្ស និង សត្វ ហើយការចុះសម្របសម្រួលបើកទ្វារទឹកក្នុងឱកាសនេះ គឺធ្វើយ៉ាងណា អោយការប្រើប្រាស់ទឹកមានការសន្សំសំចៃ ពេលបូមទឹកដាក់ស្រែ សូមកុំលោភលន់ដាក់ត្រឹមតែ ម៉ាស្រូវរស់បានហើយ ព្រោះអាចនឹងមានភ្លៀងធ្លាក់នាពេលឆាប់ៗ ខាងមុខនេះ។
ម្យ៉ាងវិញទៀតទឹកនៅក្នុងអាងនៅសល់តិចតួច រីឯស្រូវ របស់បងប្អូនប្រជាកសិករនៅមានច្រើន មិនអាចស្រោចស្រពបានគ្រប់គ្រាន់នោះទេ។ ជាចុងក្រោយ លោក ឃ្លោក នួយ ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើការនេសាទត្រី ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដូចជាការឆក់ត្រីជាដើម។
ទោះជាយ៉ាងណាប្រជាពលរដ្ឋមានការសាទរនឹងអរគុណដល់ អាជ្ញាធរ នឹងមន្ត្រីធនធានទឹកដែលព្រមបើកទឹកដើម្បីសង្គ្រោះស្រូវស្រែរបស់ពួកគាត់នាពេលនេះ៕
Post a Comment