ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្ស ខេត្ត អាណត្តិទី៤ ចំនួន ២៥នាក់ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង...!
បន្ទាយមានជ័យ÷នៅព្រឹក ទី១០ ខែមិថុនា ឆ្នាំ២០២៤នេះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន ហិនក្រុមក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ចំនួន ២៥រូប។
ក្នុងពិធីនោះ ដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុង ស្រុក ទាំង៩ បានចូលរួមផងដែរ។
លោក ស៊ុនឈុនហៀង អនុប្រធាននាយកដ្ឋានកិច្ចការអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានអានព្រះរាជក្រឹត្យ ស្តីពីការទទួលស្គាល់សមាសភាព សមាជិកក្រុមប្រឹក្សាខេត្ត លេខ /រកត ០៦២៤ ៥៧៦ ចំនួន ២៥នាក់ក្នុងខេត្តបន្ទាយមានជ័យ។
ជាកិច្ចបន្ត លោកអ៊ុំរាត្រីបានអាន របាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តក្នុងរយះពេល៥ឆ្នាំ ពិសេសការចូលរួមចំណែក របស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេស បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាខេត្ត អាណត្តិថ្មីនេះផងដែរ។
លោក ស៊ុនឈុនហៀងបានប្រគល់ព្រះរាជក្រឹត្យទទួលស្គាល់ជូនដល់ លោកប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិ៤ថ្មី និងលោក លោកជំទាវ សមាជិក សមាជិកាទាំង២៤រូប ខណៈលោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យសមាជិកសមាជិកាទាំងអស់ ក៏បានឡើងធ្វើការប្តេជាចិត្តផងដែរ។
ចុងក្រោយ ឯកឧត្តម ឌិត ទីណាបានមានប្រសាសន៍លើកឡើងថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តម ឌិត ទីណា ក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
ក្នុងនោះ ឯកឧត្តម ឌិត ទីណា បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តបន្ទាយមានជ័យ ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕
Post a Comment