អាជ្ញាធរខេត្តសៀមរាប ប្រកាសថា សំណូមពរពីប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក នឹងដាក់ជូនរាជរដ្ឋាភិបាល ឲ្យបានឆាប់
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រកាសព័ត៌មានស្តីពីការដោះស្រាយ សំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឧបត្ថម្ភ សាច់ប្រាក់ ដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅតាំងទីលំនៅ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី។ ការប្រកាសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កាលពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដោយមានតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាងរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ បានជួបមួយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពី តំបន់រមនីយដ្ឋានអង្គរ ទៅតាំងទីលំនៅ នៅភូមិធម្មជាតិរុនតាឯក ដើម្បីស្តាប់សំណូពររបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់។
ជាមួយគ្នានេះ ក្រុមការងារចម្រុះ ក៏បានធ្វើការផ្សព្វផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋ អំពីគោល- នយោបាយ និងការកែសម្រួលលើការឧបត្ថម្ភសាច់ប្រាក់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៨៨ អនក្រ.បកចាស់ និងអនុក្រឹត្យលេខ ៣៧១ អនក្រ.បកថ្មី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសំណូមពរពី ប្រជាពលរដ្ឋ ក្រុមការងារចម្រុះបានជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ ថារដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណូមពរ របស់ប្រជាពលរដ្ឋ ហើយជូនដំណឹងមកកាន់ប្រជាពលរដ្ឋវិញ ឱ្យឆាប់រហ័សក្រោយពេលទទួលបានដំណឹងពីរាជរដ្ឋាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕
Post a Comment