កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរំលោកសេពសន្ថវៈ..
(បន្ទាយមានជ័យ)÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ែន ចាន់នី (ម៉ាប់) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្ន រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡ.ល ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំស្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះក្នុងពាក្យបណ្ដឹងថា គាត់បាននាំចៅពីខេត្តពោធិ៍សាត់ មកលេងជាមួយម្ដាយវា ដែលត្រូវជាកូនស្រីរបស់គាត់ រស់នៅក្រុងប៉ោយប៉ែត និងដើម្បីរកការងារធ្វើផង។ ក្រោយមករូបគាត់រកការងារបានធ្វើ ហើយស្នាក់នៅផ្ទះជាមួយក្មួយស្រីរបស់គាត់ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្រាប់តែនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កូនស្រីរបស់គាត់បានទូរសព្ទមកប្រាប់គាត់ថា នាងបានឱ្យប្តីឈ្មោះ ប៉ែន ចាន់នី ជិះម៉ូតូមកឌុបគាត់ទៅលេងផ្ទះរបស់ខ្លួននៅភូមិផ្សារកណ្ដាល ដូចសព្វដង ពេលកូនប្រសារមកដល់គាត់ក៏បានជិះម៉ូតូទៅជាមួយ ស្រាប់តែដល់ចំណុចចំការស្វាយមួយកន្លែង កូនប្រសារបានឈប់ម៉ូតូ រួចធ្វើសកម្មភាពចាប់រំលោភរូបគាត់ទាំងកម្រោលបានសម្រេចតែម្ដង ពេលធ្វើសកម្មភាពរួច ជនសង្ស័យជាកូនប្រសារបានដឹករូបគាត់ទៅផ្ទះខ្លួន ពេលនោះគាត់់ក៏បានប្រាប់រឿងហេតុឱ្យកូនស្រីបង្កើតរបស់គាត់បានដឹង ហើយពេលព្រឹកឡើងគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារសារភាពថា រូបខ្លួនពិតជាបានរំលោភទៅលេីជនរងគ្រោះជាម្ដាយក្មេកបានសម្រេចពិតប្រាកដមែន។ ដោយផ្អែកលេីពាក្យបណ្តឹងនិងចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
Post a Comment