រដ្ឋបាល ខេត្តបន្ទាយមានជ័យ ប្រារព្ធខួបលេីកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមប្លែកវារីប្រធានក្រុមប្រឹក្សានឹង ឯកឧត្តមអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិក្សានុសិស្សបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យដើម្បីសូត្រមន្តបង្សុកូលរាប់បាត្រដល់ព្រះសង្ឃដើម្បីបញ្ជូនកុសលទៅជនរងគ្រោះដែលស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥-១៩៧៩។
កម្មវិធី ក៏បានរៀបចំទៅតាមការគ្រោងទុក មានពិធីដាក់កម្រងផ្កានិងអុជធូបគោរពវិញ្ញាណក្ខន្ធ ពិធីបង្សុកូល កុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដែលជារបបយង់ឃ្នងប្រល័យពូជសាសន៍ឯង សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់។
ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្ត បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទីប្រាំបី ទិវាជាតិនៃការចងចាំនៃថ្ងៃ២០ឧសភា ឆ្នាំ២០២៥ ដែលមានខ្លឹមសារបញ្ជាក់ថា មូលហេតុនៃការកំណត់យកថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំមានពីរ ទីមួយ ថ្ងៃទី២០ខែឧសភា ឆ្នាំ១៩៧៣ ជាថ្ងៃបង្កើតសហករណ៍ ដើម្បីប្រមូលផ្ដុំប្រជាជនធ្វើការងារ សាមគ្គី លុបបំបាត់កម្មសិទ្ធិឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហមគោលនយោបាយនេះ ត្រូវបានចាប់ផ្ដើមអនុវត្តជាថ្មី នៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចចាប់ពីថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករាឆ្នាំ១៩៧៩។ ទីពីរមុនពេលឈានដល់ថ្ងៃជ័យជំនះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺពីចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ១៩៧៩ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពតនិង នួនជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ ការជម្លៀសដោយបង្ខំពីទីក្រុង និងភូមិនានាពលកម្មដោយបង្ខំ និងការធ្វើបាននៅតាមការដ្ឋានការងារនិងសហករណ៍ការចាប់ខ្លួនតាមអំពើចិត្តការធ្វើទារុណកម្ម ការបាត់ខ្លួននិងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើងប្រឆាំងនឹងមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្មាំង។ ប្រជាជនស្លូតត្រង់ ប្រមាណជាង ១,៧លាននាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម ដូច្នេះដើម្បីកុំឲ្យរបបនេះវិលមកវិញយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់នូវឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ នៅក្នុងប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនដោយហេតុថា បើគ្មានសន្តិភាពគឺមានសង្គ្រាម ហេីយសង្គ្រាមនិងធ្វើឲ្យប្រទេសជាតិកាន់តែក្រីក្រអសន្តិសុខ គ្មានសុវត្ថិភាព គ្មានការអភិវឌ្ឍ។ អាចនិយាយបានថា សន្តិភាពគឺជាសក្ដានុពលនិងជាសកម្មភាពគ្រប់យ៉ាង ដើម្បីការរីកចម្រើនទៅមុខ របស់ប្រទេសជាតិ ។ បញ្ចប់នៃកម្មវិធី គណអធិបតីបានប្រគល់អំណោយ ដល់តាជីយាយជី និងពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន ១០៨អង្គផងដែរ។
Post a Comment