ទិវាជាតិសុខភាពមាតា ទារក និងកុមារ ព្រមទាំងយុវជន ខេត្តបន្ទាយមានជ័យ
លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាបានអានសារលិខិត សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ មានខ្លឹមសារថា ជាមួយនឹងការពង្រឹង និងកែលម្អសេវាសុខាភិបាលសាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ការចូលរួមជាដៃគូពីសេវាសុខាភិបាលឯកជន ក្នុងប្រព័ន្ធសុខាភិបាលយើងបានផ្ដល់នូវការទទួលបានសេវាវេជ្ជសាស្ត្រ ដែលមានគុណភាពកាន់តែប្រសើរ ជាពិសេសក្នុងការថែទាំសុខភាពមាតា ទារក កុមារ និងយុវជននៅកម្ពុជា។ ទោះបីជាយើងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ក៏យើងនៅតែត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យសេវាថែទាំសុខភាពរបស់យើងកាន់តែល្អប្រសើរឡើង និងផ្សព្វផ្សាយទៅកាន់មនុស្សកាន់តែច្រើនថែមទៀត ក្រោមពាក្យស្លោក "ជីវិតមានសុខភាពល្អ កម្ពុជានិងមានការរីកចម្រើន"។ សង្គមមានសុខភាពល្អ ជាគ្រឹះនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងដើម្បីឲ្យកម្ពុជាសម្រេចទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ចាំបាច់ត្រូវវិនិយោគធនធានក្នុងការលើកស្ទួយសង្គមជាតិឲ្យមានសុខភាពល្អ។
លោក បឹង គឹមសឹង បានមានប្រសាសន៍ផ្ដាំផ្ញើដល់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ កូនតូចទាំងអស់ សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពឱ្យបានតាមការកំណត់របស់គ្រូពេទ្យ ដើម្បីទទួលបានវ៉ាក់សាំងការពារជម្ងឺផ្សេងៗ ព្រមទាំងស្ម័គ្រចិត្តចូលរួមធ្វើតេសឈាម នឹងត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ។ សូមស្ត្រីទាំងអស់ដែលសម្រាលកូនហើយ សូមទៅពិនិត្យសុខភាពព្រមទាំងយកកូនទៅជាមួយ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ និងបន្តបំបៅដោះកូនតែមួយមុខគត់។ សូមចូលរួមលុបបំបាត់ជំងឺឆ្លងផ្សេងៗ ពិសេសសូមយកកូនស្រីអាយុចាប់ពី ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឲ្យបានគ្រប់ៗគ្នា។ សូមទទួលយកនូវវិធីពន្យារកំណើតដើម្បីមានសុខភាពល្អទាំងម្ដាយនិងកូន។
គួរបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវជន នាឱកាសនេះផងដែរ សាខាកាកបាទក្រហមក៏បានចែកជូនអំណោយមនុស្សធម៌ ដល់ស្ត្រីចូលរួម ៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន មីជាតិ ១កេះ ត្រីខ ១យួរ ទឹកដោះគោឆៅ ១ឡូ ទឹកសណ្ដែក ១យួរ នំប្រៃ ១ថង់ ឃិត ១កញ្ចប់ និងថវិកាបន្ថែមមួយចំនួនផងដែរ៕
Post a Comment