កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ប្លន់)...
(បន្ទាយមានជ័យ): នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ អឹម លក្ខិណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី លួចមានស្ថានទម្ងន់ទោស(ប្លន់) ប្រព្រឹត្តកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរកមុខសញ្ញា រហូតដល់វេលាម៉ោង២៣និង៣០នាទី ថ្ងៃទី ខែ ឆ្នាំ ដដែល ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ១.ឈ្មោះ វ៉ាត ពេជ្រ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ សេក ឆៃយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ កាក់ បាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ហើយមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)ទាំ៣នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕
Post a Comment