ពិធីផ្សព្វផ្សាយ កម្មវិធីទូរសព្ទដៃNodrug ដល់ព្រះសង្ឃអាចារ្យ គណៈកម្មការ ក្នុងស្រុកម៉ាឡៃ។
យោងតាមការចាំបាច់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរួមសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យបានចាត់តាំងក្រុមការងារចម្រុះខេត្តចុះធ្វើការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ Nodrug ធ្វើឡើងនៅតាមវត្តអារាមនានា។ ជាក់ស្ដែងពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោក យឹមសំណាង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត ថ្នាក់ដឹកនាំមន្ត្រីសាលាខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត បានធ្វើការចុះផ្សព្វផ្សាយ ដល់ព្រះសង្ឃ អាចារ្យគណៈកម្មការ គ្រីស្ទបរិស័ទនៅក្នុងស្រុកម៉ាឡៃ ដោយមានការនិមន្តអញ្ជើញចូលរួមចំនួន 500អង្គ/នាក់ ស្ត្រីចំនួន 72នាក់។ ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត បានមានសង្ឃដីកាថា ទាំងពុទ្ធចក្រនិងអាណាចក្រ គឺត្រូវគោរពច្បាប់ ទើបរក្សាបាន នូវសុខសន្តិភាព ជាក់ស្តែងនៃការផ្សព្វផ្សាយពាក់ព័ន្ធនឹងគ្រឿងញៀននៅថ្ងៃនេះ គឺមានសារៈសំខាន់ចំពោះព្រះសង្ឃ គណៈកម្មការវត្ត ឲ្យមានការយល់ដឹង កាន់តែច្បាស់លាស់ពីផលប៉ះពាល់គ្រឿងញៀន ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន ។ ព្រះអង្គមេគណខេត្តបានមានសង្ឃដីកាបន្តថា ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវលាលែងឈប់ជាបន្ទាន់បើមិនអញ្ចឹងទេ ត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់ ព្រោះយេីងដឹងហើយថា គ្រឿងញៀន វាបំផ្លាញអនាគតបំផ្លាញសុខភាព បាត់បង់នូវសេដ្ឋកិច្ចគ្រួសារឆ្កួតលីលា ។ បន្ទាប់ពីមន្ត្រីបច្ចេកទេស បានឡើងធ្វើបទបង្ហាញ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនជួញដូរគ្រឿងញៀនខុសច្បាប់រួចមក។ លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖(Nodrug)ជាកម្មវិធីផ្ដល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ១,ដើម្បីទទួលបានការកំសាន្តបែបអប់រំមេរៀន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
Post a Comment