ប្រតិភូខេត្តបន្ទាយមានជ័យធ្វើដំណើរទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍ ទេសចរណ៍នៃខេត្ត៤ ភូមិភាគឦសាន
បន្ទាយមានជ័យ÷ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំប្រតិភូរួមមានសមាជិកជាថ្នាក់ដឹកនាំគណ:អភិបាលនិងក្រុមប្រឹក្សាខេត្ត ស្រុកក្រុង,មន្ទីរអង្គភាព បញ្ជាការដ្ឋាន ស្នងការដ្ឋាន,យុវជនខេត្ត ក្រុងស្រុក ឃុំ សង្កាត់និងអ្នកពាក់ព័ន្ធមួយចំនួនសរុបជាង២០០នាក់ធ្វើដំណើរទស្សនកិច្ចនៅតំបន់ព្រំដែននៃខេត្ត៤ ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជារយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២២ខែកញ្ញាឆ្នាំ២០២៤។
ក្បួនធ្វើដំណើរត្រូវធ្វើតាមតម្រាយផ្លូវទៅមុខរហូត មិនសារដានដើរផ្លូវដដែលទេ ស្របតាមស្ថានភាពជាក់ស្តែងដែលបណ្តាញផ្លូវត្រូវបានអភិវឌ្ឍន៍ស្ទើរតែទាំងអស់ជាផ្លូវក្រាលកៅស៊ូប្រភេទAC .ប្រភេទDBST ដែលនៅល្អប្រសើរភាគច្រើន។
និងមួយចំនួនត្រូវជួសជុលឡើងវិញ កែលម្អធ្វើអោយប្រសើរឡើងនិងខូចខាតដោយអន្លើ ។
គឺចេញដំណើរតាមផ្លូវជាតិលេខ៦ពីខេត្តបន្ទាយមានជ័យ កាត់ខេត្តសៀមរាប ខេត្តកំពង់ធំ,ផ្លូវជាតិលេខ៧១(កំពង់ថ្មស្រុកបារាយណ៍ ខេត្តកំពង់ធំ-ស្រុកចម្ការលើ-ត្រើង ស្រុកកំពង់សៀមខេត្តកំពង់ចាម) ,ផ្លូវជាតិលេខ៧(កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ) ។
រួចបន្តដំណើរតាមផ្លូវជាតិលេខ៧៦A (ស្រុកស្នួលខេត្តក្រចេះ-ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី-ស្រុកអូរយ៉ាដាវខេត្តរតនគិរី),ផ្លូវជាតិលេខ៧៨(ច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ-ក្រុងបានលុងខេត្តរតនគិរី-អូរពងមាន់ខេត្តស្ទឹងត្រែង),បន្តដំណើរផ្លូវជាតិលេខ៧(ក្រុងស្ទឹងត្រែង-ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្រុងបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា ឡាវ) ។
និងចុងបញ្ចប់ វិលត្រឡប់ទៅខេត្តបន្ទាយមានជ័យវិញតាមផ្លូវជាតិលេខ៩(ក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវត្តន៍ខេត្តស្ទឹងត្រែង-ស្រុកឆែប ស្រុកត្បែងមានជ័យខេត្តព្រះវិហារ) ,ផ្លូវជាតិលេខ៦២( ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ-ស្រុកគូលែន)និងផ្លូវជាតិលេខ៦៤ (ស្រុកគូលែនខេត្តព្រះវិហារ-ស្រុកស្វាយលលើ -ដំដែកស្រុកសូត្រនិគមខេត្តសៀមរាប) ។
ពោលគឺពីភាគពាយ័ព្យទៅភាគឦសាន ភាគឧត្តរលើចម្ងាយផ្លូវជិត១.៥០០គម។
យោងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានអោយដឹងថា: ផែនទីបង្ហាញផ្លូវនិងគម្រោងទស្សនៈកិច្ចទៅកាន់ខេត្តព្រំដែនទាំង៤នៃភូមិភាគឦសានលើកនេះ រួមមាន : រសៀលថ្ងៃទី២០ទៅដល់ស្រុកស្នួលខេត្តក្រចេះ ដោយទស្សនាតំបន់អភិវឌ្ឍន៍នៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ(ស្រុកស្នួលខេត្តក្រចេះ-ស្រុកឡុកនិញប៊ិញភឿក) ។និងទស្សនាវិមាន២ធ្នូ ជាទីកន្លែងប្រវត្តិសាស្ត្របង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ១៩៧៨ នៅឃុំ២ធ្នូស្រុកស្នួល ។
ហើយបានធ្វើដំណើរក្រោមតំណក់ទឹកភ្លៀងដ៏ត្រជាក់ត្រជុំនិងចុះអ័ព្ទផងដែរប្រតិភូត្រូវសម្រាកនៅទីប្រជុំជនស្រុកស្នួលខេត្តក្រចេះ១យប់។
លុះដល់ម៉ោង៥ព្រឹកថ្ងៃទី២១ខែកញ្ញា ប្រតិភូបន្តដំណើរទៅទស្សនកិច្ចតាមបណ្តោយផ្លូវជាតិលេខ៨៦ និងសមុទ្រឈើកាត់ស្រុកកែវសីមា ស្រុកអូររាំង ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនិងទស្សនារមណីយដ្ឋានល្បីៗមួយចំនួនដូចជាទឹកជ្រោះប៊ូស្រានៅស្រុកពេជ្រាដា ភ្នំដោះក្រមុំ សមុទ្រស្មៅ កន្លែងសំខាន់ៗនិងរីសតមួយចំនួននៅក្រុងសែនមនោរម្យ។
ដល់រសៀលបន្តដំណើរពីមណ្ឌលគិរីកាត់ស្រុកកោះញែកទៅទស្សនាតំបន់អភិវឌ្ឍន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ(ខេត្តរតនគិរី- ទល់គ្នាខេត្តយ៉ាឡាយ)។
រួចបន្តដំណើរត្រឡប់ទៅក្រុងបានលុងខេត្តរតនគិរី ហើយទស្សនារមណីយដ្ឋានល្បីខ្លះដូចជាបឹងយក្សឡោម...និងស្នាក់នៅទីនោះ១យប់ទៀត ។
ចូលដល់ព្រឹកថ្ងៃទី២២ខែកញ្ញា ទៀបភ្លឺប្រតិភូបន្តដំណើរចុះទៅខេត្តស្ទឹងត្រែង ដោយទស្សនកិច្ចនៅអភិវឌ្ឍន៍ព្រំដែនត្រពាំងក្រៀល(ក្រុងបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង-ស្រុកមឿងខូងចម្ប៉ាសាក់) ។
លុះរសៀល អាហារថ្ងៃត្រង់នៅក្រុងស្ទឹងត្រែង ហើយវិលត្រឡប់ទៅខេត្តបន្ទាយមានជ័យតាមតម្រាយផ្លូវដូចខាងលើ ។
តាមការរំពឹងទុក ប្រតិភូនឹងបានឃើញនូវហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលនានារបស់អាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាល របស់ក្រុមហ៊ុននិងផ្នែកឯកជននិងរបស់ដៃគូអភិវឌ្ឍន៍ទាំងឡាយ រួមទាំងភូមិដ្ឋាននិងជីវភាពរបស់ប្រជាពលរដ្ឋយើងក្នុងសម័យតេជោសន្តិភាពនិងអភិវឌ្ឍន៍ ៕
Post a Comment