មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្ទាយមានជ័យប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៤..!
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៤នេះ ឯកឧត្តមលីសុវណ្ណារិត អភិបាលរងតំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអឍញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៤ ដែលរផបចំឡើងដោយមន្ទីរ អបរំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនៅសាលាវិទ្យាល័យកូប ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ។
ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរ ដែនដី ដៃគូអភិវឌ្ឍ គ្រឹះស្ថានសិក្សា គ្រូបង្រៀន សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល សិស្ស យ៉ាងច្រើនកុះករ។
លោក ឈូប៊ុនរឿង ប្រធានមន្ទីរអបរំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ដោយ
សង្ខេប ជូនគណៈអធិបតីនិងអង្គពិធីទាំងមូលជ្រាបអំពីស្ថានភាព និងសមិទ្ធផលសម្រេចបានក្នុងវិស័យអប់រំក្រៅប្រព័ន្ធ នៅទូទាំងខេត្តមានដូចខាងក្រោម៖បានបើកដំណើរការថា្នក់អក្ខរកម្មចំនួន ៤០ ថ្នាក់គ្រូចំនួន ៤០នាក់ស្រី ១៤ នាក់ មានសិស្សចំនួន៧៧៩ នាក់ស្រី ៤២២ នាក់ ។
បានបើកដំណើរការថ្នាក់កម្មវិធីចូលរៀនឡើងវិញ មានចំនួន៤៥ថ្នាក់គ្រូបង្រៀនចំនួន៤៥ នាក់ស្រី
១២នាក់ មានសិស្សសរុប ៨២៩ នាក់ស្រី ៣៥៤ នាក់ ។បានបើកដំណើរការថ្នាក់សមមូលបឋមសិក្សាមានចំនួន ៣១ថ្នាក់ គ្រូសរុបចំនួន ៣នាក់ ស្រី០៣
នាក់ មានសិស្សចូលរៀនសរុប ៥៨៥ នាក់ស្រី ៨៨ នាក់ ។
មានមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន ១៣ កន្លែងមាន ១៣ ថ្នាក់ មានគ្រូចំនួន ១៤ នាក់ ស្រី៤
នាក់ បានបើកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបំណិនជីវិតរួមមាន៖ សំអាងកាយ. ភ្លេងឆៃយ៉ាំ ភ្លេង
ប្រពៃណី អគ្គិសនី កុំព្យូទ័រភ្លេងពិណពាទ្យ របាំប្រពៃណី និងជួសជុលម៉ាស៊ីនត្រជាក់ មានសិស្សចូលរៀនសរុប ២៤២ នាក់ស្រី ១២៥ នាក់ ។
បានបើកដំណើរការថ្នាក់សមមូលមធ្យមសិក្សាបឋមភូមិមានចំនួន០២ថ្នាក់គ្រូសរុបចំនួន០៨នាក់
ស្រី០៤ នាក់មានសិស្សចូលរៀនសរុប ៦០ នាក់ស្រី ០៣ នាក់ ។
មានបើកថ្នាក់បំពេញវិជ្ចាមធ្យមសិក្សាបឋមភូមិ(ក្រៅម៉ោងធ្វើការ)ចំនួន២ថ្នាក់ហ៊ុនសែនខ្លាកូន មានសិស្ស សរុប ៩២នាក់ ស្រី ១៣នាក់ ។
មានបើកថ្នាក់បំពេញវិជ្ចាមធ្យមសិក្សាទុតិយភូមិ(ក្រៅម៉ោងធ្វើការ)ចំនួន៣ថ្នាក់ហ៊ុនសែនខ្លាកូន មានសិស្ស សរុប ២៩០នាក់ ស្រី ៦៥នាក់ ។
សមិទ្ធិផលទាំងអស់ដែលបានរៀបរាប់ខាងលើបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់និងការចូលរួម ឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ អង្គការដៃគូ សប្បុរសជន សហគមន៍ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ប្រជាពលរដ្ឋ ជាពិសេសកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ-ចិត្ត របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ទើបអាចសម្រេចបាន នូវការងារទាំងអស់នេះ ស្របតាមគោលនយោបាយ" សិក្សាពេញមួយជីវិត" ពិសេសចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការកាត់បន្ថយភាពក្រីក្រ អំពើជួញដូមនុស្ស និងគ្រោះថ្នាក់ចរាចរ ជាដើម ។
ឯកឧត្តម លីសុវណ្ណារិត បានអានសារលិខិតរបស់សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត ថា÷ រយៈពេលមួយឆ្នាំដំបូង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកាន់តែស្វាហាប់ប្រកបដោយថាមវន្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិនិងការបម្រើប្រជាពលរដ្ឋ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ដូចមានបញ្ជាក់ច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
នៅក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអភិវឌ្ឍធនធានមនុស្សនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបវារៈនៃការអភិវឌ្ឍជាតិរបស់កម្ពុជា។
ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ថ្ងៃនេះក្រោមប្រធានបទ អក្ខរកម្មជាមូលដ្ឋានគ្រឹៈនៃ ចំណេះដឹង បំណិន និងនវានុវត្តន៍ ហើយទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនការយល់ដឹង ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធ សំដៅ លើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារ និងលើកស្ទួយកម្រិតជីវភាព រស់នៅកាន់តែប្រសើរ។ក្នុងនោះដែរលោកក៏បានជម្រុញអោយ បងប្អូន ប្រជាពលរដ្ឋ យើងងដែលបាត់បង់ឱកាសក្នុងសិក្សា ឬមិនបានសិក្សាសូមអោយពួកគាត់ចូលរៀនទាំងអស់គ្នា ដើម្បីមានចំណេះ ជំនាញ យកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួលទោះបីធ្វើការលក់កម្លាំងពលកម្មអោយគេក៏បានតម្លៃខ្ពស់ផងដែរ។
ជាចុងក្រោយ លោកក៏ អំពាវនាវ អោយពលរដ្ឋទាំងអស់ត្រូវចូលរួមគ្នាកាពារសន្តិភាព ហើយដើម្បីកាពារសន្តិភាពបានគឺពលរដ្ឋ ត្រូវមានចំណេះដឹង ដើម្បីកុំអោយ ចាញ់បោកជនអគតិដែលតែងតែបំផុសបំផុលចលនា ញុះញង់តាមបណ្តាញសង្គមដើម្បីផ្តួលរំលំរដ្ឋាភិបាលពិសេស អ្នកនៅក្រៅប្រទេស៕
Post a Comment