បទល្មើសនេសាទលៀសនៅតំបន់បឹងទន្លេសាបនៅតែបន្ត ទោះបីជាធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរាប់រយដងហើយក៏ដោយ វគ្គ១
ខេត្តពោធិ៍សាត់÷ ទោះបីជារដូវបិទនេសាទក៏ដោយ តែបញ្ហាបទល្មើសនេសាទលៀសនៅតំបន់បឹងទន្លេសាប ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅតែកើតមានជាធម្មតា នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកក្រគរនេះ ត្រូវបានត្រួតត្រាដោយមហាអំណាច លោកយូរ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលក្រគរ ដែលគេតែងតែសង្កេត ឃើញមានបទល្មើសនេសាទ កើតមានជារៀងរាល់ថ្ងៃ ជាពិសេសការដឹកជញ្ជូនលៀស ចេញរាប់រយតោនក្នុងមួយថ្ងៃៗ។
លោកយូ សុវិចិត្រ ត្រូវប្រជាពលរដ្ឋរស់នៅតំបន់មាត់បឹងទន្លេសាបកំពង់ហ្លួងប្រាប់ថា មានភាពជិតស្និទ្ធដូចអណ្ដាតនិងធ្មេញជាមួយពួកឈ្មួញដឹកជញ្ជូនលៀសដែលមានឈ្មោះតាម៉ុង និងភរិយា។
ថ្មីៗកន្លងទៅនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបករណីដឹកជញ្ជូនលៀស នារដូវបិទនេសាទ ហើយបញ្ជូនឲ្យមន្រ្តីជំនាញអនុវត្តបន្ត ប្រតិបត្តិការខាងលើធ្វើឡើង កាលយប់ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចមាត់កំពង់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមមន្ត្រីជំនាញមូលដ្ឋានស្រុកក្រគរឲ្យដឹងថា លទ្ធផលបង្រ្កាបបានកាណូតមានផ្ទុកលៀសច្រកការ៉ុងចំនួន០៣ គ្រឿង និងរថយន្តចំនួន០២គ្រឿងផងដែរ
វត្ថុតាង រថយន្តដឹកជញ្ជូនលៀសត្រូវបាននាំយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ចំណែកកាណូតមានផ្ទុកលៀស ត្រូវបាននាំយកមករក្សាទុកបណ្ដោះ អាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលជលផលក្រគរ ។
ករណីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ បង្រ្កាបករណីដឹកជញ្ជូនលៀសខុសច្បាប់ខាងលើ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់១រូបបានបញ្ជាក់បន្ថែមតាមប្រព័ន្ធ(តេឡេក្រាម)នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤នេះថា ក្រុមការងារកំពុងរៀបចំចាក់លែងលៀសចូលទឹកវិញនិងបន្តនីតិវិធីទៀត។
បើនិយាយពីកិច្ចសន្យាបញ្ឈប់សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់នេះ គឺគេប្រាប់ថា ឈ្មួញទាំង២នាក់ប្ដីប្រពន្ធនេះធ្លាប់ទទួលបាន ការណែនាំ និងធ្វើកិច្ចសន្យាហើយបញ្ឈប់សកម្មភាពរកស៊ីដឹកជញ្ជូនលៀសខុសច្បាប់នេះ រាប់រយដងមកហើយ ប៉ុន្តែគេនៅតែឃើញតាម៉ុងនិងចែ វណ្ណី រកស៊ីដឹកជញ្ជូនលៀសចេញពីខេត្តពោធិ៍សាត់ជារៀងរាល់ថ្ងៃ ខួបប្រាំងខួបបវស្សា ការដែលឈ្មួញពីរនាក់ប្ដី,ប្រពន្ធរកស៊ីខុសច្បាប់បែបនេះ ក៏ព្រោះមន្ត្រីមួយចំនួនតូចភ្លេចតួនាទីរបស់ខ្លួនជាមន្ត្រី។(តើច្បាប់នៅប្រទេសកម្ពុជាយើងមិនអាចអនុវត្តចំពោះបុគ្គលទាំងនេះឬមួយយ៉ាងណា? )
យោងតាមរបាយការណ៍ដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបានអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ប្រភពពីនាគខ្មៅ
Post a Comment