សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវបានបិទ
ពោធិ៍សាត់ : នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវបានបិទ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពីប្រតិភូក្រុមការងារសវនកម្ម លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកស្នងការរងផែនការងារជំនាញ លោកនាយការិយាល័យជំនាញ លោកអធិការ អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ឃុំ.សង្កាត់ ។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី បានឯកភាពនូវ របាយការណ៍ស្តីពី លទ្ធផលកិច្ចសវនកម្មផ្ទៃក្នុង និងទទួលយកនូវអនុសាស្ត្រ សម្រាប់ការិយាល័យជំនាញ អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបន្តអនុវត្ត។ ទន្ទឹមនេះតាមបណ្តាផែនការងារជំនាញ ត្រូវជម្រុញយកចិត្តទុកដាក់ បង្កើនឆន្ទៈ បំពេញតួនាទី ភារកិច្ច ឲ្យបានកាន់តែល្អប្រសើរ ជម្រុញពង្រឹងការ គ្រប់គ្រងមន្ត្រីក្រោមឱវាទ លើការគោរពវិន័យ របស់នគរបាលជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងបម្រើដល់ផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានប្រសាសន៍ថា គោលបំណងនៃការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ជាពិសសលើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការងារគ្រប់គ្រងបុគ្គលិក ការផ្គត់ផ្គង់ របបឧបត្ថម្ភនិងកិច្ចប្រតិបត្តិការនានា ក្នុងគោលបំណងលើកកម្ពស់ការសន្សំសំចៃ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានរដ្ឋ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គនាយក បានកោតសរសើរដល់មន្ត្រីនគរបាលខេត្តពោធិ៍សាត់ ដែលបានខិតខំបំពេញភារកិច្ច ឆ្លើយតបតាមអនុសាស្ត្រ នៃកិច្ចសវនកម្ម ការិយបរិច្ឆេទ ២០២២ នាពេលកន្លងមក ដែលនូវមានចំណុចខ្វះខាតតិចតួច ដែលត្រូវការបន្តពង្រឹង នាពេលខាងមុខ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់កងកម្លាំងនគរបាល ត្រូវរក្សាថែទាំ សុខភាព ពង្រឹងឆន្ទៈ បំពេញតួនាទី ភារកិច្ច បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន សំដៅលើកគុណតម្លៃ របស់នគរបាលជាតិ ៕
Post a Comment