គណៈប្រតិភូក្រសួង អភិវឌ្ឍន៍ជនបទ និង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះត្រួតពិនិត្យ និងវាយតម្លៃ លេីការងារថែទាំផ្លូវ
នារសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះធ្វើការត្រួតពិនិត្យនិងប្រគល់ទទួល ផ្លូវថែទាំខួប ១ខ្សែប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ លេខ ៥៦ ចំណុចភូមិស្ទឹង នៃឃុំរលួសទៅដល់ភូមិពង្រ ឃុំតាផូ ក្នុងស្រុកស្វាយចេកនៃខេត្តបន្ទាយមានជ័យដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងផែនការឆ្នាំ២០២៤។ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ការអភិវឌ្ឍជនបទ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមិនត្រឹមតែប៉ុណ្ណោះមន្ទីរអភិវឌ្ឍន៍ជនបទបានផ្ដោតទៅលើបញ្ហា ដែលបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ជនបទជួបប្រទះនូវការលំបាកដូចជា ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត បរិស្ថាននឹងធ្វើការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
បញ្ចប់នៃការត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំ ផ្លូវ១ខ្សែ ក្រាលល្បាយគ្រួសប្រវែង ១៣គីឡូម៉ែត្ររួចមកក្រុមប្រតិភូអន្តរក្រសួ ដែលដឹកនាំដោយឯកឧត្ដម អុិន ចន្ថា បានចុះជួបសំណេះសំណាល មួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវនិងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម អុិន ចន្ថាបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអស់លោកលោកស្រ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានខិតខំ បំពេញការងារភារកិច្ចដោយភាពទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ជាពិសេសត្រូវបន្តអនុវត្តត្រួតពិនិត្យ និងថែទាំផ្លូវប្រកបដោយគុណភាព ប្រសិទ្ធភាព ក្នុងការប្រើប្រាស់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែងដើម្បីបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើង។ ជាចុងក្រោយឯកឧត្តមបាន សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវនេះឲ្យបានល្អ និងជួយទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ហើយកុំចាក់ដីលុប ថង្អូរ អមសងខាងផ្លូវ ពិសេសគោរពច្បាប់ចរាចរណ៍ ឲ្យបានជាប្រចាំ ។ បញ្ចប់នៃកម្មវិធី សំណេះសំណាល ក៏បានផ្តល់ជូន ជាកន្សែងដល់បងប្អូន ដែលចូលរួមផងដែរ។
Post a Comment