អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើហិង្សាដែលចេតនា។
(បន្ទាយមានជ័យ )÷ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ាក ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា។ ក្រោយទទួលបានពាក្យបណ្ដឹងនៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ ប៊ុនណាត ភេទប្រុស អាយុ៤៧ឆ្នាំ ដែលបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសហើម និងជាំភ្នែកខាងឆ្វេង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលេីជនរងគ្រោះពិតមែន ដោយសារជនរងគ្រោះនិយាយដៀមដាមមកលេីខ្លួន រឿងដុតសំរាម ហេីយក៏បានប្រតាយប្រតប់គ្នាហើយជនរងគ្រោះដួលទៅលេីដីបណ្តាលឱ្យរងរបួសតែម្តង។
ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
Post a Comment