បង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ជនល្មើសម្នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ

 



(ស្ទឹងត្រែង)៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ, លោក សរ សុពុធត្រា អភិបាលខេត្តស្ទឹងត្រែ បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានមន្ទីរបរិស្ថានខេត្ត ដើម្បីធ្វើការស្រាវជ្រាវ កំណត់ទីតាំង និងឈានទៅ កំណត់មុខសញ្ញា ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលបានបំផ្លាញធនធានធម្មជាតិនៅក្នុងតំបន់ការពារទេសភាពព្រំប្រទល់ស្រុកថាឡាបរីវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ។



ក្រោយទទួលបានបញ្ជារបស់អភិបាលខេត្ត, កម្លាំងជំនាញបានធ្វើការពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន។ ក្រោយការបញ្ចប់នីតិវិធីដោយស្ថាប័នបអយ្យការអមសាលាដំបូងខេត្ត បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ត។

ជនសង្ស័យឈ្មោះ យាន ចែត អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជននេះត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ជាប់ពាក់ព័ន្ធករណីកាប់ផ្តួលរំលំ និងអារជ្រៀកឈើដោយ គ្មានច្បាប់អនុញ្ញាតនៅក្នុងតំបន់ការពាទេសភាពស្ទឹងត្រែង។

ចំពោះវត្ថុតាងក្រុមការងារបានដឹកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តរួមមាន៖ ឈើប្រភេទដួងចែម ចំនួន១៥០សន្លឹក និងរណាយន្តធន់ធំចំនួន១គ្រឿង។



ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងឧទ្យានុរក្ស ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង។

លោកក៏បានសំណូមពរទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីវែកមុខ និងឃាត់ខ្លួនមកទទួលទោសតាមច្បាប់រដ្ឋកំណត់ ចំពោះអ្នកនៅពីក្រោយខ្នង និងអ្នកជួលឱ្យប្រជាជន ចូលកាប់បំផ្លាញព្រៃឈើ ដើម្បីសម្រេចមហិច្ឆតាទន្ទ្រានដីរដ្ឋដោយខុសច្បាប់៕







Powered by Blogger.