កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...



(បន្ទាយមានជ័យ )÷ នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានពីករណីលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ភ្លាមៗក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះទៅដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ទេពផន ប៊ុនគុណ ហៅប៊ីន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទWY ចំនួន ០១ថង់កិប ស្មើនឹង ១០គ្រាប់ ទម្ងន់ ១,១១ក្រាម, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាSCOOPY ពណ៌ផ្កាឈូកលាយសគ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកIphone SE ០១គ្រឿង ពណ៌ស) រួមនឹងវត្ថុតាងមួយចំនួនទៀត។ បន្ទាប់មកកម្លាំងបាននាំខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដកហូត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។


 

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។

       ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

      លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

     បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






Powered by Blogger.