ស្រុកក្រឡាញ់ ក្លាយជាស្រុកទី៥ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
ស្រុកក្រឡាញ់ បានក្លាយជាស្រុកទី៦ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក តំណាងអង្គការដៃគូរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សសយកស្រុក និងសិស្សានុសិស្សជាច្រើនរូប។
លោក អុឹង គឹមលាង មានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ដោយមើលឃើញច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល និងបណ្តាដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិ បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះនានា វិភាគអំពីលទ្ធភាពនៃធនធាន ធ្វើយ៉ាងណាសម្រេចឲ្យបានគោលដៅដែលបានកំណត់ដោយរាជរដ្ឋាភិបាល។
លោក អុឹង គឹមលាង មានប្រសាសន៍បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យខេត្តសៀមរាប ក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ផ្នែកអនាម័យ គឺមានក្នុងរង្វង់ ៩៧,២២ភាគរយ ដោយមានស្រុកចំនួន៥ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ហើយស្រុកក្រឡាញ់ ជាស្រុកទី៥ ដែលបានប្រកាសនាថ្ងៃនេះ។ ការសម្រេចបានស្រុកក្រឡាញ់ ជាស្រុក ODF គឺពិតជាបានបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ ចពោះសុខមាលភាពប្រជាពលរដ្ឋនៅសហគមន៍ រស់នៅប្រកបដោយភាពសុខដុមរមនា ចាកចេញផុតពីភាពក្រីក្រ។ ជាមួយនេះលោកក៏បានស្នើសុំដល់អង្គការដៃគូរអភិវឌ្ឍន៍នានា សំខាន់អង្គការភ្លែនអន្តរជាតិ សុំបន្តគាំទ្រ និងពង្រីកនូវវិសាលភាពនៃកម្មវិធីជំរុញការលើកកម្ពស់អនាម័យនេះបន្តទៀត នៅតាមសហគមន៍ក្នុងខេត្ត ដើមី្បឈានទៅសម្រេចតាមគោលដៅនៅឆ្នាំ២០២៤ ខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ក្នុងអត្រាគ្របដណ្តប់ ៩៧,២២ភាគរយនេះ ខ្នងផ្ទះដែលមានបង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២១៩.០៤៣ខ្នងផ្ទះ ស្មើនឹង៩០,៧៩ភាគរយ និងខ្នងផ្ទះប្រើប្រាស់បង្គន់រួមមានចំនួន ១៥.៥១៥នាក់ ស្មើនឹង ៦,៤៣ភាគរយ និងខ្នងផ្ទះដែលនៅបន្ទោរបង់ពាសវាលពាសកាលមានចំនួន ៦.៧០៥ ស្មើនឹង២,៧៨ភាគរយ។ ចំពោះស្រុក ODF មាន៦ស្រុក មានស្រុកអង្គរជុំ បន្ទាយស្រី ស្រុកអង្គរធំ ស្រុកក្រឡាញ់ និង ស្រុកប្រាសាទបាគង។ ដោយឡែកក្នុងនោះបញ្ហាប្រឈមរបស់មន្ទីរ ក្នុងការលើកកម្ពស់អនាម័យជនបទ គឺសម្រាប់ប្រជាពលរដ្ឋដែលមានខ្នងផ្ទះរស់នៅ ៦ខែគោក ៦ខែទឹករស់នៅជាប្រចាំ៕
Post a Comment