កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...


 


(បន្ទាយមានជ័យ )÷ នៅវេលាម៉ោង១៣ និង៤០នាទី  ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ រឿន ទូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។  ២.ឈ្មោះ ឆូត ឈុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច(លួចកាត់ខ្សែភ្លេីង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងមួយកន្លែងក្បែរវត្តស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងខ្សែភ្លេីងមួយចំនួន។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ  ជាតិ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

     លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីថ្ងៃកេីតហេតុ ជនរងគ្រោះបានឱ្យប្តីរបស់ខ្លួនទៅមេីលដីដែលបានជួលគេដើម្បីទុកធ្វើជាអគារសម្រាប់ជួល នៅចំណុចក្បែរវត្តស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងដើម្បីទៅដឹកយកម៉ូតូចំនួន០២គ្រឿងដែលទុកចោល(ម៉ូតូខូច) យកទៅជួសជុលទុកសម្រាប់ប្រើប្រាស់ នៅពេលប្តីទៅដល់ខាងមុខក្លោងទ្វារ ស្រាប់តែបានឃើញគេកាត់សោរទ្វារ ភ្លាមនោះប្តីរបស់ខ្លួនបានតេទូរសព្ទមកប្រាប់ជនរងគ្រោះ ហើយពេលប្តីរបស់ខ្លួនដើរចូលទៅ ស្រាប់តែមិនបានឃើញកង់បី ពណ៌ខៀវ ដែលរូបខ្លួនបានទុកចោលនៅទីនោះ និងម៉ូតូចំនួន០២គ្រឿងទៀត។ ពេលឆែកមើលតាមបន្ទប់ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងតែពួននៅក្នុងបន្ទប់ ភ្លាមនោះប្តីរបស់ខ្លួនជាមួយនឹងអ្នកបើកកង់បី ក៏បានចាប់ជនសង្ស័យនហើយបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមកយកតែម្ដង។

     ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលលួចរបស់របរនៅទីតាំងខាងលើពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង ព្រមទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមានទាំងពីរនាក់ផង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

     លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

     បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕




Powered by Blogger.