ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ដោយប្រើពូថៅ កាប់ទៅលើជនរងគ្រោះព្រោះខឹងនឹងជនរងគ្រោះផឹកស្រាស្រវឹងហើយដើរពេលយប់ធ្វើឲ្យឆ្កែព្រុសដេកមិនលក់..!




នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១ថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានស្រាវជ្រាវលើករណីឃាតកម្មនៅ ភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ដោយកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវាលបឹងខ្ទុំ ស្ថិតនៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ។




ជនសង្ស័យឈ្មោះសឿម សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន និងបានដកហូតវត្ថុតាងរួមមាន ពូថៅ០១ ភ្លើងកែវពាក់ក្បាល០១ ខោកាប៊យជើងវែងពណ៌ខៀវ០១ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ។




តាមចម្លើយរបស់ឈ្មោះសឿម សឿត សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ហៅងិល  ត្រូវចំក្បាល  ក ជាច្រើនពូថៅបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចប្រអប់លូទឹកប្រឡាយព្រីង ស្ថិតនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៤៥នាទី ពិតប្រាកដមែន មូលហេតុដោយសារជនសង្ស័យខឹងឈ្មោះ អ៊ួន យ៉ូន (ជនរងគ្រោះ) តែងតែផឹកស្រាស្រវឹងហើយដើរយប់ធ្វើឲ្យឆ្កែព្រុសដេកមិនលក់។




បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។






Powered by Blogger.