រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

  



(បន្ទាយមានជ័យ )÷ នៅវេលាម៉ោង០២ និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ពុត សាម៉ុន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន វិចិត្ត (ង៉ា) ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទំនប់ដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនោះ កម្លាំងបានដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1D-2090 ចំនួន០១គ្រឿង, ដំបងដែកហូតរលាស់ ពណ៍ខ្មៅ ប្រវែង៦៤សង់ទីម៉ែត្រ ចំនួន០១ដើម។



លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា នៅវេលាកេីតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក  ពុត សាម៉ុន ចុះល្បាតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ខណៈពេលចុះល្បាតដល់ចំណុចខាងលេីបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានការសង្ស័យ កម្លាំងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានដំបងដែកហូតរលាស់ចំនួន០១ដើម ក៏បានធ្វេីការឃាត់ខ្លួនហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ព្រមទាំងបានធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លេីយបដិសេធថា ដំបងដែកហូតរលាស់ដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថឆែកឆេរឃេីញពុំមែនជារបស់ខ្លួនតែ គឺជារបស់ម្ចាស់ម៉ូតូដែលខ្លួនខ្ចីគេជិះ ចំពោះគ្រឿងញៀនខ្លួនពិតជាបានប្រេីប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។



  លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។



  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






Powered by Blogger.