ឃាតកម្មយាយសម្លាប់ចៅ អាយុ៨ឆ្នាំ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី១១ថ្ងៃមុន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានហើយ

 

គួររំលឹកថា÷កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣០នាទី ឈ្មោះ ម៉ុម រឿន (យាយ) បានប្តឹងសមត្ថកិច្ចពីករណី បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី មានពលរដ្ឋប្រទះឃើញក្មេងប្រុសឈ្មោះ វីរៈដេកស្លាប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅ ជើងភ្នំញញ្ញា ខាងជើងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។




ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU បើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម រឿន  អាយុ៦៤ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាជីដូនបង្កើត)។




ក្រោយពីធ្វើការសាកសួរបឋម ឈ្មោះ ម៉ុម រឿន បានសារភាពថាខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្តភាពចិញ្ចឹមចៅបន្ត ។ បច្ចុប្បន្ននាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



Powered by Blogger.