ចំនួនមនុស្សស្លាប់កើនដល់១៧,៧០០នាក់ នៅតំបន់ហ្កាហ្សា ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល

ហ្កាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រាប់ឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃចំនួនអ្នកបាត់បង់ជីវិត ដោយសារសង្រ្គាមរវាងអ៉ីស្រាអែល-ហាម៉ាស នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ បានបន្ត​កើនឡើងដល់យ៉ាងហោច១៧,៧០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលតំបន់ Gaza លោក Ashraf al-Qudra បាននិយាយយ៉ាងដូច្នេះថា «ការប្រព្រឹត្តឧក្រិដ្ឋកម្មក៏ដូចជាអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជននៅក្នុងតំបន់ហ្កាហ្សា គឺហួសពីការពិពណ៌នា... ការព្យាយាមបញ្ចប់អត្ថិភាពនៃ​ជនជាតិប៉ាឡេស្ទីន ក្រោមការជ្រោមជ្រែងគាំទ្រពីសហរដ្ឋអាមេរិកនិងអឺរ៉ុប គឺជាទង្វើដ៏អមនុស្សធម៌និងឃោរឃៅជាទីបំផុត»។ បើតាមលោក al-Qudra ក្រៅពីអ្នកស្លាប់ មនុស្ស៤៨,៧៨០នាក់ផ្សេងទៀត ក៏បានទទួលរងរបួស ដោយសារសង្រ្គាមផងដែរ។

គួរបញ្ជាក់ថា សង្រ្គាមរបស់អ៉ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាស នៅតំបន់ Gaza កំពុងស្ថិតក្នុងខែទី៣ហើយ បន្ទាប់ពីវាបានផ្ទុះឡើងដំបូង កាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងហាម៉ាស បានឆ្មក់សម្រុកចូលលុកលុយភាគខាងត្បូងអ៉ីស្រាអែល រួចសម្លាប់មនុស្សចំនួន ១,២០០នាក់ និងចាប់មនុស្សរាប់រយនាក់ផ្សេងទៀត យកធ្វើជាចំណាប់ខ្មាំង៕

 

Powered by Blogger.