យ៉ាងហោចណាស់មនុស្ស ២៩នាក់ បានស្លាប់បន្ទាប់ពីឡានក្រុងធ្លាក់ជ្រោះ នៅភាគកណ្តាលប្រទេសហ្វីលីពីន
ម៉ានីល៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះថា មនុស្សយ៉ាងតិច ២៩នាក់បានស្លាប់ នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ម្សិលមិញនេះ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ទៅក្នុងជ្រោះ ដែលកេីតឡេីងនៅនៅក្នុងខេត្ត Antique ភាគកណ្តាលប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា នៅក្នុងរថយន្តក្រុងដឹកអ្នកដំណើរមានរួមដំណេីរ ៥៣នាក់ បានធ្វើដំណើរទៅទិសខាងលិចពីទីក្រុង Iloilo ទៅកាន់ទីក្រុង San Jose de Buenavista ក្នុងខេត្ត Antique នៅពេលដែលវាបានបុករបាំងផ្លូវបេតុងយ៉ាងពេញទំហឹង មុនពេលធ្លាក់ចូលទៅក្នុងជ្រោះដែលមានជម្រៅ ១៥ ម៉ែត្រ ដែលហេតុការណ៍កេីតឡេីងនៅចន្លោះម៉ោង ៤ និង ៣០ នាទីរសៀល ម៉ោងក្នុងស្រុក។ លោក Junlee Saylo ប្រធានការិយាល័យព័ត៌មានខេត្ត Antique បានប្រាប់កិច្ចសម្ភាសន៍តាមវិទ្យុថា មនុស្ស ២៥ នាក់បានស្លាប់នៅនឹងកន្លែង និង ៤ នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។
Post a Comment